(ម៉ានីល)៖ ប្រធានាធិបតី លោក Ferdinand Marcos Jr បាននិយាយនៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកានេះថា រាល់បណ្តឹងចោទប្រកាន់ណាមួយ ប្រឆាំងអនុប្រធានាធិបតី លោកស្រី Sara Duterte គឺអាចត្រឹមតែធ្វើឱ្យសភាចំណាយពេល​ឥតប្រយោជន៍ ហើយមិនចំណេញអ្វីឡើយសម្រាប់ប្រជាជនហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

សារព័ត៌មានក្នុងស្រុក បានដកស្រង់សម្តីសមាជិកសភា លោកស្រី France Castro ដែលនិយាយថា សមាជិក នៃសភាជាន់ទាប គ្រោងនឹងដាក់ពាក្យបណ្តឹងចោទប្រកាន់ លោកស្រី Duterte ពីបទក្បត់ទំនុកចិត្តសាធារណៈ ស៉ីសំណូក និងបទល្មើសព្រហ្មទណ្ឌផ្សេងទៀត ដូចជាការលួចប្លន់។ លោក Marcos ប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ហេតុអ្វីត្រូវខ្ជះខ្ជាយពេល? ទាំងអស់នេះ មិនអាចជួយធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនហ្វីលីពីនណាម្នាក់ឡើយ វាគ្រាន់តែ​ជារឿងអត់ប្រយោជន៍មួយឆាវ​»។

គួរបញ្ជាក់ថា មន្រ្តីអនុវត្តច្បាប់បានកោះហៅ លោកស្រី Duterte មកបំភ្លឺជុំវិញសេចក្តីថ្លែងកាណ៍កាលពីចុងសប្តាហ៍មុន ដែលលោកស្រីនិយាយថា បានជួលឃាតករឱ្យសម្លាប់លោក Marcos និងភរិយា ក៏ដូចជាប្រធានសភាហ្វីលីពីន ប្រសិនបើលោកស្រីត្រូវបានគេសម្លាប់។ ប៉ុន្តែ លោកស្រី Duterte មិនបានបង្ហាញ​ខ្លួនទេ ហើយ​ស្នើ​សុំជួបពេលក្រោយ។​ មេធាវី​របស់​លោកស្រី​និយាយ​ថា លោកស្រីមាន​បញ្ហា​ក្នុងការិយាល័យ ដែលត្រូវដោះស្រាយ​បន្ទាន់៕