(ឡុងដ៏)៖ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនរបស់ចក្រភពអង់គ្លេស លោកស្រី Louise Haigh បានសុំលាលែងពីតំណែង និងបាន​​សារភាព​កំហុស​ចំពោះ​បទល្មើសបន្លំប្តឹងប៉ូលិសថា ​ទូរស័ព្ទ​ការងារ​របស់លោកស្រី ​ត្រូវ​បាន​គេ​លួច​កាល​ឆ្នាំ ២០១៣ ខណៈដែលវាជាការប៉ះពាល់មុខមាត់ថ្មីមួយទៀត ចំពោះរដ្ឋាភិបាលលោក​នាយក​រដ្ឋមន្ត្រី Keir Starmer។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។

លោកស្រី Haigh បានឱ្យដឹងក្នុងលិខិតសុំលាលែងដាក់ជូន លោក Starmer កាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រីបានប្រាប់ប៉ូលិស ថាបាត់ទូរស័ព្ទអំឡុងការដើរលេងពេលយប់ ក្នុងឆ្នាំ ២០១៣ ប៉ុន្តែទូរស័ព្ទនេះ នៅក្នុងផ្ទះរបស់លោកស្រី។ ចំណែកលិខិតសុំលាលែងដែលបញ្ចេញ ដោយការិយាល័យលោក Starmer នៅថ្ងៃនេះ បានឱ្យដឹងថា លោកស្រី Haigh និយាយថា លោកស្រីទទួលស្គាល់ថាបញ្ហានេះ គឺប៉ះពាល់ដល់ការងារ និងការប្តេជ្ញាចិត្តខាងគោលនយោបាយ របស់រដ្ឋាភិបាល។

លោកស្រី Haigh គឺជាមន្រ្តីដំបូងនៃរដ្ឋាភិបាលលោក Starmer ដែលសុំលាលែងពីតំណែង គិតចាប់តាំងពីលោកឡើងកាន់អំណាច កាលពីខែកក្កដា។ រដ្ឋមន្ត្រីមួយចំនួនត្រូវបានគេរិះគន់ ជុំវិញការប្រើប្រាស់អំណោយសម្លៀកបំពាក់ កាដូ និងការបង្កើនពន្ធលើអាជីវកម្ម និងក្រុមអ្នកមាន នៅក្នុងកញ្ចប់ថវិកាដំបូងរបស់រដ្ឋាភិបាល៕