(បេរូត)៖ អ្នកនាំពាក្យយោធាអ៉ីស្រាអែល លោក Avichay Adraee បាននិយាយថា ប្រជាជនលីបង់ត្រូវបានហាមឃាត់ មិនឱ្យផ្លាស់ទីទៅកាន់ភូមិមួយចំនួន នៅភាគខាងត្បូងប្រទេសលីបង់ និងតំបន់ជុំវិញនោះ រហូតដល់មានការជូនដំណឹងបន្ថែម ស្របពេលដែលមានការចោទប្រកាន់ពីកងទ័ពលីបង់ថា អ៉ីស្រាអែលបង្កជម្លោះដោយការបាញ់បោះច្រើនលើក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។
អ៉ីស្រាអែលនិយាយថា ខ្លួនបានបើកការបាញ់ប្រហារ កាលពីថ្ងៃព្រហស្បតិ៍ សំដៅទៅជនសង្ស័យ និងរថយន្តដែលមកដល់ តំបន់ជាច្រើន នៅភាគខាងត្បូងលីបង់ ហើយបំពាននឹងបទឈប់បាញ់ ជាមួយក្រុមហេសបូឡាដែលចូលជាធរមាន នៅថ្ងៃពុធ។ កងទ័ពអាកាសក៏បានវាយប្រហារទីតាំង ដែលប្រើប្រាស់ដោយក្រុមហេសបូឡា ដើម្បីរក្សាទុកគ្រាប់រ៉ុក្កែតរយៈមធ្យម នៅភាគខាងត្បូងលីបង់ផងដែរ។
សមាជិកសភាហេសបូឡា លោក Hassan Fadlallah ចោទប្រកាន់អ៉ីស្រាអែលថា បំពានកិច្ចព្រមព្រៀងនៃបទឈប់បាញ់។ លោក Fadlallah ប្រាប់អ្នកយកព័ត៌មានដូច្នេះថា «សត្រូវ (អ៉ីស្រាអែល) កំពុងវាយប្រហារលើអ្នកដែលត្រឡប់ ទៅភូមិព្រំដែនវិញ។ នេះជាសកម្មភាពរំលោភបំពានពីអ៉ីស្រាអែលបច្ចុប្បន្ន ទោះបីក្នុងទម្រង់បែបនេះ»។
គួរបញ្ជាក់ថា ការចោទប្រកាន់គ្នាទៅវិញទៅមក អំពីការវាយប្រហារនៅភាគខាងត្បូងលីបង់ បានកើតមានឡើងមួយថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិក បារាំង បានសម្របសម្រួលឱ្យបទឈប់បាញ់រយៈពេល ៦០ថ្ងៃ ដើម្បីបញ្ឈប់ការប្រយុទ្ធ និងអនុញ្ញាតឱ្យប្រជាជនត្រលប់ទៅផ្ទះរបស់ពួកគេវិញ៕