(ប៉េកាំង)៖ នៅថ្ងៃទី ២៦ ខែវិច្ឆិកា អង្គការសហប្រជាជាតិ បានបើកធ្វើមហាសន្និបាតរំលឹកខួប "ទិវាអន្តរជាតិដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន" លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិត អបអរសាទរជូនចំពោះមហាសន្និបាតលើកនេះ។

ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា បញ្ហាប៉ាឡេស្ទីនគឺជាស្នូលនៃបញ្ហាមជ្ឈិមបូព៌ា វាពាក់ព័ន្ធដល់សច្ចភាព និងយុត្តិធម៌អន្តរជាតិ ។ ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ន គឺ អនុវត្តដោយគ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាព នូវសេចក្តីសម្រេចចិត្តពាក់ព័ន្ធនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បញ្ឈប់ការបាញ់គ្នាក្នុងពេលឆាប់ៗ និងបន្ធូរបន្ថយស្ថានការណ៍ក្នុងតំបន់។ ច្រកចេញជាគន្លឹះ គឺ ការអនុវត្តជាក់ស្តែងនូវ "ដំណោះស្រាយរដ្ឋពីរ" និងជំរុញការដោះស្រាយបញ្ហាប៉ាឡេស្ទីន តាមវិធីនយោបាយដើម្បីបង្កើត រដ្ឋប៉ាឡេស្ទីនដ៏ឯករាជ្យ ដែលមានអធិបតេយ្យភាពពេញលេញ ដោយចាត់ទុកខ្សែបន្ទាត់ព្រំដែននៅឆ្នាំ ១៩៦៧ ជាមូលដ្ឋាន និងក្រុងហ្សេរុយសាឡិមខាងកើតជារដ្ឋធានី ក៏ដូចជាសម្រេចបាននូវសិទ្ធិបង្កើតរដ្ឋ សិទ្ធិរស់រានមានជីវិត និងសិទ្ធិវិលត្រឡប់មកវិញរបស់ប្រជាជនប៉ាឡេស្ទីនក្នុងពេលឆាប់ៗ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ជានិច្ចកាល ប្រទេសចិនតែងតែផ្តល់ការគាំទ្រយ៉ាងមុតមាំចំពោះបុព្វហេតុដ៏ត្រឹមត្រូវ របស់ប្រជាជនប៉ាឡេស្ទីនក្នុងការស្តារសិទ្ធិស្របច្បាប់នៃប្រជាជាតិ គាំទ្រកងកម្លាំងនិងអង្គការនានារបស់ប៉ាឡេស្ទីនក្នុងការពង្រឹង សាមគ្គីភាពនិងអនុវត្ត «សេចក្តីប្រកាសទីក្រុងប៉េកាំង ស្តីពីការបញ្ចប់ការបែកបាក់ និងពង្រឹងការរួបរួមសាមគ្គីគ្នា នៃប្រជាជាតិប៉ាឡេស្ទីន» ដើម្បីសម្រេចបាននូវការផ្សះផ្សាផ្ទៃក្នុង ។ ប្រទេសចិនគាំទ្រយ៉ាងមុតមាំចំពោះប៉ាឡេស្ទីន ឱ្យក្លាយជារដ្ឋសមាជិកជាផ្លូវការ នៃអង្គការសហប្រជាជាតិ ក៏ដូចជាគាំទ្រការបើកធ្វើកិច្ចប្រជុំសន្តិភាពអន្តរជាតិ ដែលមានទ្រង់ទ្រាយកាន់តែធំ កាន់តែមានកិត្យានុភាពនិងកាន់តែមានប្រសិទ្ធភាព។ ប្រទេសចិននឹងបន្តរួមសហការជាមួយ សហគមន៍អន្តរជាតិដើម្បីជំរុញបញ្ហាប៉ាឡេស្ទីន ឱ្យវិលត្រឡប់ទៅរកផ្លូវដ៏ត្រឹមត្រូវ នៃការអនុវត្ត "ដំណោះស្រាយរដ្ឋពីរ" ក៏ដូចជាជំរុញឱ្យបញ្ហាប៉ាឡេស្ទីន ត្រូវបានដោះស្រាយដោយគ្រប់ជ្រុងជ្រោយ យុត្តិធម៌និងយូរអង្វែងក្នុងពេលឆាប់ៗ៕

វិទ្យុមិត្តភាពកម្ពុជាចិន