(ប៉េកាំង)៖ ចាប់តាំងពីឯកឧត្តម ស៊ី ជីនពីង ចូលកាន់តំណែងជាប្រធានរដ្ឋចិន នៅឆ្នាំ២០១៣ មក រដ្ឋាភិបាលចិនបានចូលរួម យ៉ាងសកម្មនៅក្នុងដំណើរការ នៃការអភិវឌ្ឍសកល តាមរយៈការដាក់ចេញនូវគំនិតផ្តួចផ្តើម នានា ជាពិសេសគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល។ ការដាក់ចេញនូវគំនិតផ្តួចផ្តើមខាងលើនេះ មិនមែនជាភាពចៃដន្យនោះទេ ប៉ុន្តែជាការបង្ហាញអំពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់រដ្ឋាភិបាលចិន ក្នុងការគាំទ្រប្រព័ន្ធពហុភាគីនិយម និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍរួម សម្រាប់មនុស្សជាតិ។
ក្នុងបរិបទនៃការធ្លាក់ចុះ នៃហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវបានផ្តល់នូវកាលានុវត្តភាព និងក្តីសង្ឃឹមថ្មីដល់ប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗរួមមានផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ បរិក្ខារថាមពល និងសួនឧស្សាហកម្មដែលត្រូវការជាចាំបាច់ សម្រាប់ការពង្រឹងខឿន សេដ្ឋកិច្ចជាតិ។ ក្នុងរយៈពេល ១១ ឆ្នាំនេះ គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវបានដើរតួនាទីជា កម្លាំងចលករដ៏សំខាន់មួយ ក្នុងការពង្រឹងការតភ្ជាប់សកល ការបង្កើនទំនាក់ទំនងវិនិយោគ-ពាណិជ្ជកម្ម និងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។
ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនត្រូវបានលេចចេញជារូបរាងឡើង ដែលក្នុងនោះរួមមាន (១) កំពង់ផែ Gwadar នៅប៉ាគីស្ថាន (២) ផ្លូវដែកល្បឿនលឿន នៅឥណ្ឌនេស៊ី និងឡាវ និង (៣) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាជាដើម។ ការដាក់សម្ពោធឱ្យប្រើប្រាស់ ជាផ្លូវការនូវគម្រោងកំពង់ផែឆ្លាតវៃ “Chancay” ដំបូងគេបង្អស់របស់ប៉េរូ កាលពីពេលថ្មីៗនេះ គឺជាសាក្ខីភាពនៃ ភាពជោគជ័យមួយទៀត ក្រោមកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវរវាងចិន និងប៉េរូ ដែលត្រូវបានរំពឹងទុកថានឹងក្លាយទៅជា ច្រកពាណិជ្ជកម្មថ្មីដ៏សំខាន់មួយក្នុងការតភ្ជាប់អាស៊ី និងអាមេរិកឡាទីន ក៏ដូចជាអាស៊ី និងតំបន់ការាបៀន។ គម្រោងទាំងនេះ មិនត្រឹមតែជំរុញការតភ្ជាប់ក្នុងតំបន់ និងអន្តរតំបន់ទេ ប៉ុន្តែថែមទាំងលើកកម្ពស់សក្តានុពលសេដ្ឋកិច្ច នៃប្រទេសម្ចាស់ផ្ទះ តាមរយៈការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ការបង្កើនភាពប្រកួតប្រជែង ការបង្កើតការងារ និងការផ្ទេរជំនាញ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ។
មិនថាស្ថានការណ៍ពិភពលោកមានការប្រែប្រួលយ៉ាងណា ប្រទេសចិននៅតែបន្តដើរតួនាទីជាអ្នកចូលរួម ចំណែកឈានមុខ ក្នុងកិច្ចការអភិវឌ្ឍសកល។ ជាក់ស្តែង នៅឆ្នាំ២០២១ ឯកឧត្តម ស៊ី ជីនពីង បានដាក់ចេញនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដើម្បីជំរុញការអនុវត្ត “របៀបវារៈរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” សំដៅដោះស្រាយវិសមភាពសកល និងជំរុញការអភិវឌ្ឍ និងវិបុលភាពរួមប្រកបដោយបរិយាប័ន្ន និងចីរភាព។
តាមរយៈគំនិតផ្តួចផ្តើមនេះ ចិនបានបង្កើនមូលនិធិសម្រាប់ការអភិវឌ្ឍសកល និងកិច្ចសហប្រតិបត្តិការត្បូង-ត្បូងរហូតដល់ ៤ ប៊ីលានដុល្លារ ខណៈគម្រោងអភិវឌ្ឍន៍ជាង ១១០០ ត្រូវបានដាក់ឱ្យដំណើរការ ដែលបាននាំមកនូវផលប្រយោជន៍យ៉ាងធំធេង ដល់ប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រេស៊ីល ឯកឧត្តម ស៊ី ជីនពីង បានប្រកាសថា មូលនិធិអភិវឌ្ឍន៍ចំនួន ២០ ប៊ីលានដុល្លារ ទៀតនឹងត្រូវយកមកប្រើប្រាស់បន្ថែម ដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង លើវិស័យនានាដូចជាការកាត់បន្ថយភាពក្រីក្រ សន្តិសុខស្បៀង និងសេដ្ឋកិច្ចឌីជីថល។ល។
សមិទ្ធផលខាងលើបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពី ការប្តេជ្ញាចិត្តឥតងាករេរបស់ចិន ក្នុងការឈរនៅជាមួយ និងគាំទ្រដល់ ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ ទន្ទឹមនឹងនេះ វឌ្ឍនភាពយ៉ាងឆាប់រហ័សរបស់ចិន ក្នុងការអភិវឌ្ឍថាមពលបៃតង និងបញ្ញាសិប្បនិមិត្តក៏នឹងចូលរួមចំណែក ដល់ការផ្ទេរបច្ចេកវិទ្យា និងចំណេះដឹងដើម្បីធានាឱ្យបាន នូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្នដល់ ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។
ទោះបីជាគំនិតផ្តួចផ្តើមទាំងនេះត្រូវបានដាក់ចេញដោយចិនក៏ពិតមែន ប៉ុន្តែវាបានចែករំលែកផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ លើសពីដែនដីរបស់ចិន ហើយបានក្លាយទៅជា ទំនិញសាធារណៈសកល ដែលនាំមកនូវផលប្រយោជន៍ឥតគណនាដល់ ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ សរុបមក គំនិតផ្តួចផ្តើម ដាក់ចេញដោយឯកឧត្តម ស៊ី ជីនពីង មិនត្រឹមតែបានឆ្លុះបញ្ចាំងពី ចក្ខុវិស័យសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រកបដោយចីរភាព និងបរិយាប័ន្នប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់នូវកាលានុវត្តភាព សម្រាប់ការតភ្ជាប់សកល ជំរុញកំណើនសេដ្ឋកិច្ច និងរួមចំណែកដល់ការពន្លឿន ក្នុងការអនុវត្តរបៀបវារៈរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕
ដោយ ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា