(មូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃសុក្រសប្តាហ៍នេះបានអំពាវនាវឱ្យរដ្ឋាភិបាលស៊ីរី ស្តារសណ្តាប់ធ្នាប់ឡើងវិញឱ្យបានឆាប់រហ័ស នៅក្នុងខេត្តអាឡិបប៉ូ បន្ទាប់ពីមានការវាយប្រហារដោយក្រុមឧទ្ទាម ដែលបានដណ្តើមយកទឹកដីមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ក្រុមឧទ្ទាមដែលដឹកនាំដោយក្រុមសកម្មប្រយុទ្ធ Hayat Tahrir al-Sham បានវាយលុកចូលទៅក្នុងទីប្រជុំជន និងភូមិជាច្រើនក្នុងខេត្តអាឡិបប៉ូកាលពីថ្ងៃពុធ។ នេះជាការវាយប្រហារដ៏ធំមួយ របស់ក្រុមឧទ្ទាម នៅក្នុងប្រទេសស៊ីរី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

រុស្ស៊ី ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានបញ្ជាក់ថា ការវាយប្រហារនេះគឺជាការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសស៊ីរី។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា «ចំពោះស្ថានភាពជុំវិញទីក្រុងអាឡិបប៉ូ វាគឺជាការវាយប្រហារលើអធិបតេយ្យភាពស៊ីរី ហើយយើងសង្ឃឹមថា អាជ្ញាធរស៊ីរី នឹងអាចនាំយកសណ្តាប់ធ្នាប់ទៅកាន់តំបន់នោះ និងស្តារសណ្តាប់ធ្នាប់តាមរដ្ឋធម្មនុញ្ញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»

យន្តហោះចម្បាំងរុស្ស៊ី និងស៊ីរី បានទម្លាក់គ្រាប់បែកលើតំបន់ដែលក្រុមឧទ្ទាមគ្រប់គ្រង ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីរុញច្រានពួកគេមកវិញ។ មានរបាយការណ៍មិនបានបញ្ជាក់ថា ប្រធានាធិបតីស៊ីរី បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អំពីស្ថានការណ៍នេះ។

សង្រ្គាមស៊ីវិលនៅស៊ីរី បានអូសបន្លាយអស់រយៈពេលជាងមួយទសវត្សរ៍ ដោយបានបំផ្លាញប្រទេស និងបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសរាប់លាននាក់។ ការវាយប្រហារថ្មីៗនេះរបស់ក្រុមឧទ្ទាមបង្កការព្រួយបារម្ភថា សង្រ្គាមអាចនឹងកើនឡើងម្តងទៀត៕