(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានប្រកាសតែងតាំងឧត្តមសេនីយ៍ចូលនិវត្តន៍ លោក Keith Kellogg ជាបេសកជនពិសេសរបស់លោក ដើម្បីស្វែងរកសន្តិភាព បិទបញ្ចប់សង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន។ លោក ត្រាំ បានចាត់ទុកការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន ដែលបានអូសបន្លាយពេលជិត ៣ឆ្នាំមកនេះ គឺជាការសន្យាដ៏សំខាន់មួយដែលលោកប្ដេជ្ញាថាត្រូវតែ ធ្វើឱ្យបាន នៅពេលលោកឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក។ តំណែងជាបេសកជនពិសេសរបស់លោក Kellogg នឹងធ្វើឱ្យរូបលោកមានតួនាទីដ៏លេចធ្លោមួយនៅក្នុងផែនការរបស់លោក ត្រាំ។ ដូច្នេះតើលោក Kellogg ជានរណា? តើលោកមានទស្សនៈយ៉ាងណាលើសង្រ្គាមអ៊ុយក្រែន? ហើយថាតើលោកចង់ឱ្យសង្រ្គាមបញ្ចប់ទៅដោយរបៀបណា?

* លោក Keith Kellogg ជានរណា?
លោក Kellogg មានអាយុ ៨០ឆ្នាំ គឺជាឧត្តមសេនីយ៍ចូលនិវត្តន៍ម្នាក់។ លោកធ្លាប់បម្រើការជានាយសេនាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន អំឡុងអាណតិ្តទី១របស់លោក ត្រាំ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ និងធ្លាប់បានកាន់តំណែងជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក Mike Pence ដែលជាអតីតអនុប្រធានាធិបតីរបស់លោក ត្រាំ។ លោក Kellogg ក៏ជាទាហានជើងចាស់អាមេរិកធ្លាប់ ប្រយុទ្ធក្នុងសង្រ្គាមវៀតណាម ហើយត្រូវបានរដ្ឋាភិបាលអាមេរិកបញ្ជូនទៅអ៉ីរ៉ាក់ផងដែរ ដើម្បីបម្រើការងារក្នុងរដ្ឋាភិបាលអន្តរកាល បន្ទាប់ពីសហរដ្ឋអាមេរិកឈ្លានពានអ៉ីរ៉ាក់ កាលពីឆ្នាំ២០០៣។

បេសកជនពិសេសគឺជាតំណែងថ្មី និងបង្ហាញពីការផ្តោតជាសំខាន់របស់លោក ត្រាំ ចំពោះដំណោះស្រាយការទូតដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

* អ្វីទៅជាផែនការរបស់លោក Kellogg ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន?
កាលពីខែមេសា ឆ្នាំ២០២៤ លោក Kellogg ដែលបានរួមគ្នាជាមួយអតីតមន្ត្រីរដ្ឋាភិបាលអាមេរិក លោក Fred Fleitz បង្កើតផែនការយុទ្ធសាស្ត្រមួយឡើង បាននិយាយថាសហរដ្ឋអាមេរិកគួរតែដឹកនាំ កិច្ចចរចាស្វែងរកបទឈប់បាញ់មួយនៅអ៊ុយក្រែន។ ផែនការនេះបានបន្ទោសរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន សម្រាប់ការបន្តផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន និងបរាជ័យខាងការទូតជាមួយរុស្ស៉ី ហើយ មិនតែប៉ុណ្ណោះ ក៏បានចោទប្រកាន់លោក បៃដិនផងដែរថាកំពុងធ្វើសង្រ្គាមខ្ចីដៃ ឬ proxy war ប្រឆាំងរុស្ស៉ី ដោយប្រើអ៊ុយក្រែន។ ផែនការនេះត្រូវបានចេញផ្សាយដោយវិទ្យាស្ថាន America First Policy Institute (AFPI) ដែលត្រូវបានបង្កើតឡើងដោយអតីតក្រុមមន្ត្រីរបស់លោក ត្រាំ ក្នុងឆ្នាំ២០២១។ ផែនការរបស់លោក Kellogg បានអំពាវនាវឱ្យប្រើគោលនយោបាយ America First ជាវិធីសាស្ត្រដោះស្រាយបញ្ចប់សង្រ្គាម ព្រមទាំងចាត់ទុកថាលោក ត្រាំ ជាប្រធានាធិបតីដ៏ខ្លាំង និងហ្មត់ចត់ម្នាក់ ដែលអាចប្រឈមមុខជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ លោក Kellogg យល់ថាប្រសិនបើលោក ត្រាំ កាន់តំណែងជាប្រធានាធិបតី ម្ល៉េះរុស្ស៉ីក៏មិនហ៊ានបើកការឈ្លានពានប្រឆាំងអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២នោះដែរ។ ប៉ុន្តែមិនមានភស្តុតាងបញ្ជាក់ថាការសម្រេចចិត្ត ចូលឈ្លានពានអ៊ុយក្រែនរបស់លោក ពូទីន គឺធ្វើឡើងដោយផ្អែកលើការយល់ឃើញថាលោក បៃដិន ជាប្រធានាធិបតីទន់ខ្សោយដូចដែលលោក Kellogg និងលោក Fleitz យល់ឃើញនោះទេ។

ផែនការបញ្ចប់សង្រ្គាមរបស់លោក Kellogg ផ្តោតលើការស្វែងរកបទឈប់បាញ់ និងការចរចាផ្សះផ្សារជម្លោះ។ ផែនការនោះរួមមានដូចជា៖

- សហរដ្ឋអាមេរិកនឹងបន្តផ្ដល់អាវុធឱ្យអ៊ុយក្រែន ដើម្បីអាចការពារខ្លួនឯងបាន។ តែអនាគតនៃជំនួយយោធារបស់សហរដ្ឋអាមេរិក នឹងត្រូវអាស្រ័យលើការចូលរួមរបស់អ៊ុយក្រែន នៅក្នុងកិច្ចចរចា សន្តិភាពជាមួយរុស្ស៉ី។
- ដើម្បីបញ្ចុះបញ្ចូលឱ្យលោក ពូទីន ចូលរួមកិច្ចចរចាសន្តិភាព មេដឹកនាំ NATO ត្រូវបញ្ឈប់ការទទួលយកពាក្យសុំចូលជាសមាជិក NATO របស់អ៊ុយក្រែន។
- រុស្ស៉ីអាចត្រូវបានផ្ដល់ឱ្យនូវការបន្ធូរបន្ថយការដាក់ទណ្ឌកម្មមួយចំនួន តែអាស្រ័យលើថាតើរុស្ស៉ីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន ឬក៏អត់?
- ផែនការក៏បានអំពាវនាវដែរឱ្យមានការយកប្រាក់ចំណេញពីការលក់ថាមពលរបស់រុស្ស៉ី ទៅប្រើប្រាស់សម្រាប់ការកសាងអ៊ុយក្រែនឡើងវិញ។

* តើផែនការរបស់លោក Kellogg អាចទៅរួចដែរទេ?
លោក Keir Giles ជាអ្នកវិភាគម្នាក់មកពីវិទ្យាស្ថាន Chatham House មានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ បាននិយាយថា លោក Kellogg ត្រូវតែទទួលស្គាល់ការពិតថាមានភាគីជាច្រើនកំពុងពាក់ព័ន្ធនឹង សង្រ្គាមអ៊ុយក្រែន ហើយពួកគេសុទ្ធតែមានគោលជំហរខុសៗគ្នាថាតើត្រូវបញ្ចប់សង្រ្គាមយ៉ាងដូចម្ដេច? លោកបន្តថា «រុស្ស៉ីនឹងចូលរួមកិច្ចចរចា រហូតទាល់តែមានអារម្មណ៍ថាខ្លួនស្ថិតក្នុងគោលជំហរ មួយប្រកបដោយផាសុភាព ខណៈសម្រាប់អ៊ុយក្រែន ការបញ្ចប់សង្រ្គាមនៅត្រឹមបទឈប់បាញ់ នឹងក្លាយជាសុបិនអាក្រក់តាមលងបន្លាចពួកគេគ្រប់ពេលវេលា»។ ម្យ៉ាងវិញទៀត បណ្ដាប្រទេសដែល កំពុងគាំទ្រអ៊ុយក្រែន ជាពិសេសប្រទេសក្នុងតំបន់អឺរ៉ុបខាងកើត មើលឃើញថាបទឈប់បាញ់មិនមែនជាមធ្យោបាយបញ្ចប់សង្រ្គាមនោះទេ ពីព្រោះរុស្ស៉ីនឹងនៅតែអាចចាប់ផ្ដើមសង្រ្គាមឡើងវិញ នៅពេលក្រោយដដែល។ បើតាមអ្នកវិភាគរូបនេះ លោក Kellogg នឹងត្រូវជជែកពិភាក្សា និងធ្វើកិច្ចសហការជាមួយក្រុមមន្ត្រីដទៃទៀតនៅក្នុងជួររដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែលនឹងត្រូវស្បថ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ ពោលគឺផែនការមួយដែលត្រូវបានតាក់តែងឡើងដោយមនុស្សម្នាក់ ឬច្រើននាក់ ក្នុងពេលដែលពួកគេមិនទាន់ចូលបម្រើការក្នុងជួររដ្ឋាភិបាល មិនមែនប្រាកដថាផែនការនោះត្រូវតែយកទៅអនុវត្តតាម នៅពេលពួកគេចូលបម្រើការជាផ្លូវនោះឡើយ។

ការយល់ឃើញរបស់លោក Kellogg គឺមានលក្ខណៈផ្ទុយគ្នាទៅនឹងផែនការជ័យជម្នះរបស់លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ហើយសមាជិកភាព NATO របស់អ៊ុយក្រែន គឺប្រៀប ដូចជាបេះដូងនៃផែនការជ័យជម្នះរបស់លោក ហ្សេលេនស្គី។ លោក Giles បាននិយាយថាគំនិតទាត់ចោលការផ្ដល់សមាជិកភាព NATO សម្រាប់អ៊ុយក្រែនជាមធ្យោបាយមួយដែលសហរដ្ឋអាមេរិក អាចប្រើប្រាស់ ដើម្បីដាក់សម្ពាធលើអ៊ុយក្រែន។ ប៉ុន្តែអ្នកវិភាគរូបនេះយល់ថាការគិតឃើញបែបនេះជាការភ័ន្តច្រឡំ ដ្បិតការទទួលយកអ៊ុយក្រែនជាសមាជិក NATO គឺជាដំណោះស្រាយរយៈពេលវែង តែមួយគត់ សម្រាប់បញ្ហានៅក្នុងតំបន់។ ខណៈបណ្ដាប្រទេស NATO បានធានាចំពោះអ៊ុយក្រែនថាទីក្រុងកៀវកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកសមាជិកភាពក៏ដោយ ក៏បណ្ដារដ្ឋជាសមាជិកបក្សសម្ព័ន្ធ យោធាធំជាងគេបំផុតមួយនេះនៅលើ​ពិភពលោក នៅតែមានការព្រួយបារម្ភចំពោះការទទួលយកអ៊ុយក្រែនជាសមាជិក ក្នុងពេលអ៊ុយក្រែនកំពុងធ្វើសង្រ្គាមជាមួយរុស្ស៉ី។ ពីព្រោះអំឡុងពេលនេះ បើទទួលយកអ៊ុយក្រែនជាសមាជិក នោះវាមានន័យស្មើថា NATO ត្រូវធ្វើសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី អនុលោមតាមមាត្រា៥ របស់ខ្លួនដែលចែងថាការវាយប្រហារលើសមាជិកណាមួយ គឺជាការវាយប្រហារលើ NATO ទាំងមូល។ ផែនការរបស់លោក ហ្សេលេនស្គី ក៏អំពាវនាវផងដែរឱ្យមានការគាំទ្រសេដ្ឋកិច្ច និងយោធាយូរអង្វែងដក់អ៊ុយក្រែនពីសម្ព័ន្ធមិត្ត។ តែនៅក្រោមផែនការរបស់ លោក Kellogg ការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែនមានភ្ជាប់ជាមួយលក្ខខណ្ឌ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានសន្យាថាម្ដងហើយម្ដងទៀតថាលោកនឹងប្រើពេលតែ ២៤ម៉ោងប៉ុណ្ណោះ ដើម្បីបញ្ចប់សង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន នៅក្រោយឡើងកាន់តំណែងជាប្រធានាធិបតី ជាផ្លូវការ។ លោក ត្រាំ មិនបានបង្ហើបពីផែនការរបស់លោក ឬក៏ថាតើត្រូវបញ្ចប់សង្រ្គាមដោយវិធីណានោះទេ ហើយកន្លងមក លោកថែមទាំងរិះគន់ទៀតផងថារដ្ឋបាលលោក បៃដិនកំពុងផ្ដល់ជំនួយ រាប់ពាន់លានដុល្លារឱ្យអ៊ុយក្រែន ទាំងដែលសហរដ្ឋអាមេរិកមិនបានទទួលផលប្រយោជន៍អ្វីមកវិញសោះ។ ប៉ុន្តែ កាលពីខែកញ្ញាកន្លងទៅ នៅក្នុងកិច្ចសម្ភាសន៍មួយ អនុប្រធានាធិបតីរបស់លោក ត្រាំ គឺលោក JD Vance បានបង្ហើបតិចតួចពីផែនការសន្តិភាពរបស់លោក ត្រាំ ដោយនិយាយថាលោក ត្រាំ នឹងចាប់ផ្ដើមធ្វើកិច្ចចរចាជាមួយមេដឹកនាំមកពីរុស្ស៉ី អ៊ុយក្រែន និងអឺរ៉ុប ដើម្បីស្វែងរកការផ្សះផ្សារ ជម្លោះដោយសន្តិវិធី។ លើសពីនេះទៅទៀត លោក JD Vance បានលើកឡើងនូវគំនិតចង់ឱ្យខ្សែបន្ទាត់ព្រំដែននៅសមរភូមិសព្វថ្ងៃរវាងរុស្ស៉ី និងអ៊ុយក្រែន ក្លាយទៅជា «តំបន់គ្មានយោធាមួយ»។

ដោយមិនបានបញ្ជាក់ពីទីតាំងនៃតំបន់គ្មានយោធា អនុប្រធានាធិបតីអាមេរិករូបនេះបាននិយាយថាតំបន់គ្មានយោធានឹងធានាបានថារុស្ស៉ីនឹងមិនឈ្លានពានអ៊ុយក្រែនម្ដងទៀតឡើយ។ តែទោះជាបែបនេះក្ដី លោក JD Vance បានលើកឡើងផងដែរនូវគំនិតចង់ឱ្យអ៊ុយក្រែនកាត់ទឹកដីមួយចំនួនរបស់ខ្លួនទៅឱ្យរុស្ស៉ី ក្នុងនោះរួមមានទឹកដីមួយចំនួនដែលកងទ័ពរុស្ស៉ីកំពុងកាន់កាប់នៅក្នុងតំបន់ Luhansk, Donetsk, Kherson និង Zaporizhia បូកបន្ថែមនឹងតំបន់គ្រីមៀ។ លោក ហ្សេលេនស្គី បានប្រឆាំងជំទាស់ជារឿយៗចំពោះគំនិតចង់ឱ្យអ៊ុយក្រែនកាត់ទឹកដីរបស់ខ្លួនឱ្យរុស្ស៉ី ហើយក៏បានទទូចទៀតផង ថាកិច្ចព្រមព្រៀងសន្តិភាពអាចធ្វើទៅបាន ទាល់តែរុស្ស៉ីប្រគល់ទឹកដីអ៊ុយក្រែន ក្នុងនោះរួមមានទាំងតំបន់គ្រីមៀ ត្រឡប់មកឱ្យអ៊ុយក្រែនវិញ៕