(អាម៉ាន់)៖ អាជ្ញាធរស៊ីរី បានបិទអាកាសយានដ្ឋានក្នុងទីក្រុង Aleppo រួមទាំងផ្លូវទាំងអស់ដែលតភ្ជាប់ចូលមកកាន់ទីក្រុងមួយនេះ នៅថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ខណៈក្រុមឧទ្ទាមប្រឆាំងនឹងរបបដឹកនាំរបស់ ប្រធានាធិបតី លោក Bashar al-Assad បាននិយាយថាពួកគេបានវាយចូលដល់បេះដូងនៃទីក្រុង Aleppo។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមអ្នកប្រយុទ្ធដឹកនាំដោយក្រុមឧទ្ទាម Hayat Tahrir al-Sham បានដឹកនាំប្រតិបត្តិការវាយលុកដ៏ភ្ញាក់ផ្អើលមួយឆ្លងកាត់ទីក្រុងជាច្រើនគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីរី នៅក្នុងសប្ដាហ៍នេះ ហើយបានវាយចូល ដល់ទីក្រុង Aleppo ជាលើកដំបូងក្នុងពេលជិតមួយទសវត្សរ៍មកនេះ ក្រោយត្រូវបានកងកម្លាំងរដ្ឋាភិបាលស៊ីរីបណ្ដេញចេញពីទីក្រុងស្ថិតភាគខាងជើងនៃប្រទេសស៊ីរីមួយនេះ។ ប្រភពពីយោធាស៊ីរីបានប្រាប់ Reuters ថារុស្ស៉ីដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់លោក Assad បានសន្យាថានឹងផ្ដល់ជំនួយយោធាបន្ថែមដល់ទីក្រុងដាម៉ាសដើម្បីបង្រ្កាបក្រុមឧទ្ទាម ខណៈជំនួយទាំងនេះនឹងចាប់ផ្ដើមបញ្ជូនទៅដល់ ក្នុងពេល ៧២ម៉ោង ខាងមុខ។
ប្រភពនេះដដែលបានបន្ថែមថាយោធាស៊ីរីត្រូវបានបញ្ជាឱ្យដកថយ ដើម្បីសុវត្ថិភាពចេញពីទីតាំងសំខាន់ៗនៃទីក្រុង Aleppo ដែលក្រុមឧទ្ទាមបានវាយចូលទៅដល់។
គួរបញ្ជាក់ថា ក្រុមឧទ្ទាមស៊ីរី បានបើកប្រតិបត្តិការវាយលុកកាលពីថ្ងៃពុធ ហើយបានអះអាងកាលពីថ្ងៃសុក្រសប្ដាហ៍នេះថា ពួកគេបានវាយរុលទៅមុខចូលដល់បេះដូងនៃទីក្រុង Aleppo។ នេះជាការវិលត្រឡប់មកកាន់ ទីក្រុង Aleppo ជាលើកដំបូងរបស់ក្រុមឧទ្ទាម ចាប់តាំងពីឆ្នាំ២០១៦មក ជាពេលដែលកងកម្លាំងរដ្ឋាភិបាលស៊ីរី និងសម្ព័ន្ធមិត្តរបស់ខ្លួនដូចជារុស្ស៉ី អ៉ីរ៉ង់ និងកងជីវពលស៊ីអ៉ីតក្នុងតំបន់ បានវាយដណ្ដើមកាន់កាប់ ទីក្រុងមួយនេះ ដោយបង្ខំឱ្យក្រុមឧទ្ទាមដកថយ បន្ទាប់ពីរងការទម្លាក់គ្រាប់បែក និងត្រូវបានឡោមព័ទ្ធអស់ជាច្រើនខែ នៅពេលនោះ៕