(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា បាននិយាយថាក្រសួងការបរទេសអាមេរិកបានអនុម័តលើការលក់គ្រឿងបន្លាស់សម្រាប់យន្ដហោះចម្បាំង F-16 និងប្រព័ន្ធរ៉ាដាឱ្យតៃវ៉ាន់ គិតជាទឹកប្រាក់ ៣៨៥លានដុល្លារ តែមួយថ្ងៃប៉ុណ្ណោះមុននឹងមេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ផ្ដើមបំពេញទស្សនកិច្ចដ៏រសើបមួយទៅកាន់ ប្រទេសដែនកោះជាសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងតំបន់ប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សហរដ្ឋអាមេរិក មានកាតព្វកិច្ចនៅក្រោមច្បាប់មួយ ដើម្បីផ្ដល់ឱ្យតៃវ៉ាន់ដែលចិនអះអាងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន នូវមធ្យោបាយការពារខ្លួនឯង បើទោះជាមិនមាន ទំនាក់ទំនងការទូតជាផ្លូវការជាមួយដែនកោះមួយនេះ ហើយដឹងថាការធ្វើបែបនេះ អាចធ្វើឱ្យចិនក្ដៅក្រហាយក៏ដោយ។ ចិនបានបង្កើនការដាក់សម្ពាធយោធាលើតៃវ៉ាន់ គួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះរួមមានទាំងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំចំនួន២លើកនៅក្នុងឆ្នាំនេះ ហើយបើតាមក្រុមមន្ត្រីតៃវ៉ាន់ ចិនក៏អាចនឹងធ្វើសមយុទ្ធយោធាផងដែរ ឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោក Lai Ching-te ទៅកាន់តំបន់ប៉ាស៊ីហ្វិក។
គួរបញ្ជាក់ថា កាលពីខែតុលាកន្លងទៅ សហរដ្ឋអាមេរិកបានប្រកាសពីគម្រោងលក់អាវុធក្នុងទំហំទឹកប្រាក់ ២ពាន់លានដុល្លារទៅឱ្យតៃវ៉ាន់ ក្នុងនោះរួមមានទាំងការប្រគល់ជា លើកដំបូងឱ្យដែនកោះមួយនេះនូវប្រព័ន្ធការពារដែនអាកាសដ៏ទំនើបមួយ ដែលបានឆ្លងកាត់ធ្វើតេស្ដជាក់ស្ដែងនៅលើសមរភូមិសង្រ្គាមអ៊ុយក្រែន។ ការប្រកាសពីគម្រោង លក់អាវុធឱ្យតៃវ៉ាន់កាលពីថ្ងៃសុក្រនេះដែរ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងលោក Lai Ching-te នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះនឹងផ្ដើមធ្វើទស្សនកិច្ចទៅកាន់ប្រទេសដែន កោះ Marshall Islands, Tuvalu និង Palau។
ប្រទេសទាំង៣នេះគឺស្ថិតនៅក្នុងចំណោមប្រទេសចំនួន១២ ដែលនៅរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់។ តាមការគ្រោងទុក ក្នុងដំណើរទស្សនកិច្ចរបស់លោក លោក Lai ក៏នឹងត្រូវឈប់សំចតនៅរដ្ឋ Hawaii និងកោះ Guam ដែលជាមូលដ្ឋានយោធាដ៏សំខាន់របស់សហរដ្ឋអាមេរិកក្នុងតំបន់ប៉ាស៊ីហ្វិកផងដែរ៕