(ដាម៉ាស)៖​ យោធាស៉ីរីនិយាយថា​ ទាហានរបស់ខ្លួនរាប់សិបនាក់ត្រូវបានសម្លាប់អំឡុងការវាយប្រហារបះបោរ​ នៅភាគពាយ័ព្យនៃប្រទេស ហើយក្រុមឧទ្ទាមព្យាយាមចូលគ្រប់គ្រងផ្នែកធំៗនៃទីក្រុង​ Aleppo ដោយបង្ខំឱ្យកងទ័ពត្រូវដាក់ពង្រាយឡើងវិញ។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៤។

សេចក្តីថ្លែងការណ៍របស់យោធាស៉ីរី គឺជាការទទួលស្គាល់ជាសាធារណៈលើកដំបូងថា ក្រុមបះបោរដឹកនាំដោយក្រុមឧទ្ទាម Hayat Tahrir al-Sham បានចូលទៅដល់ទីក្រុង Aleppo ដែលគ្រប់គ្រងដោយរដ្ឋាភិបាល​។ ប៉ុន្តែក្រុមបះបោរមិនអាចបង្កើតទីតាំងជាប់លាប់​នៅក្នុងទីក្រុងបានទេដោយសារតែកងទ័ពបន្តការទម្លាក់គ្រាប់បែក​ លើទីតាំងរបស់ពួកគេ។

កងទ័ពនិយាយថា​ ចំនួនភេរវករ និងសមរភូមិជួរមុខ​ជាច្រេីន​បានជំរុញឱ្យកងកម្លាំងប្រដាប់អាវុធ​ ធ្វើប្រតិបត្តិការដាក់ពង្រាយឡើងវិញក្នុងគោលបំណងពង្រឹងខ្សែការពារ ការពារអាយុជីវិតជនស៉ីវិល និងទាហាន ហើយរៀបចំការវាយប្រហារតបតវិញ។ បេីតាមយោធា​ស៉ីរី​ ២នាក់​ យន្តហោះ​ចម្បាំង​រុស្ស៉ី​ និងស៉ីរី​បាន​កំណត់​គោលដៅ​លើ​ក្រុម​បះបោរ​នៅជាយក្រុង​ Aleppo​ នាថ្ងៃ​សៅរ៍នេះ។

គួរបញ្ជាក់ថា​ ក្រុមឧទ្ទា​ម​បះបោរបានចាប់ផ្តើមការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួនកាលពីដើមសប្តាហ៍នេះ នៅតាមទីក្រុងដែលគ្រប់គ្រងដោយរដ្ឋាភិបាល និងឈានដល់ទីក្រុង​Aleppo មុនធ្លាប់មានរយៈពេលមួយទសវត្សរ៍ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលគាំទ្រដោយរុស្ស៉ី​ និងអ៉ីរ៉ង់​ បណ្តេញក្រុមឧទ្ទាមចេញពីទីក្រុង៕