(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបញ្ជាក់ឡើងវិញកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ថាលោកនឹងបន្តកាន់អំណាច រហូតទាល់តែចប់អាណត្តិនៅខែឧសភា ឆ្នាំ២០២៧ បន្ទាប់ពីសមាជិកសភាបោះឆ្នោតដកសេចក្ដីទុកចិត្តពីរដ្ឋាភិបាលរបស់លោក ដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Michel Barnier។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។
នៅក្នុងសុន្ទរកថាមួយមានរយៈពេល១០នាទី ទៅកាន់ប្រជាជាតិបារាំង លោក Macron បានគូសបញ្ជាក់ថា «អាណត្តិដែលអ្នកទាំងអស់គ្នាបានផ្ដល់ឱ្យខ្ញុំគឺមានរយៈពេល៥ឆ្នាំ ហើយខ្ញុំនឹង បន្តកាន់តំណែងរហូតដល់ចប់អាណត្តិ»។ លោក Macron ក៏បានបន្ថែមដែរថាលោកនឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មីនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ដោយអាទិភាពចម្បងរបស់ នាយករដ្ឋមន្ត្រីថ្មី នោះគឺជំរុញឱ្យមានការអនុម័តកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៥។
គួរបញ្ជាក់ថា លោក Michel Barnier បានក្លាយជានាយករដ្ឋមន្ត្រីកាន់តំណែងបានរយៈពេលខ្លីជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់បារាំង នៅពេលដែលលោកបាន លាលែងចេញពីតំណែង កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីត្រូវបានសភាបោះឆ្នោតដកតំណែង ក្រោយទើបឡើងកាន់តំណែងបានជាង៣ខែ៕