(ស៊ីដនី)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារ ទី១០ ខែធ្នូ បានឱ្យដឹងថានាវាចម្បាំងអូស្ត្រាលីមួយគ្រឿងបានបាញ់សាកល្បងមីស៊ីលគ្រូស Tomahawk ផលិតដោយសហរដ្ឋអាមេរិក មួយគ្រាប់ ជាមួយការអបសាទរនូវព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងផែនការយូរទសវត្សរ៍របស់អូស្ត្រាលី ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន ចំពោះមុខការរត់ប្រណាំងសព្វាវុធនៅក្នុង តំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
សេចក្ដីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលអូស្ត្រាលី ក៏បាននិយាយដែរថានាវាចម្បាំង HMAS Brisbane បានបាញ់សាកល្បងមីស៊ីលគ្រូស Tomahawk កាលពីថ្ងៃទី៣ ខែធ្នូ នៅឯឆ្នេរភាគខាងលិច របស់សហរដ្ឋអាមេរិក ហើយដែលនេះធ្វើឱ្យអូស្ត្រាលីក្លាយជាប្រទេសមួយនៅក្នុងចំណោមប្រទេសចំនួន៣ រួមជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដែលមាន និងបានធ្វើតេស្ដ បាញ់មីស៊ីលគ្រូសប្រភេទនេះ។
គួរបញ្ជាក់ថា ជាមួយរយៈចម្ងាយបាញ់ ២៥០០គីឡូម៉ែត្រ មីស៊ីលគ្រូស Tomahawk អាចអនុញ្ញាតឱ្យកងទ័ពអូស្ត្រាលីវាយប្រហាររយៈចម្ងាយឆ្ងាយប្រឆាំងនឹងគោលដៅនៅលើដីគោក ហើយ អូស្ត្រាលីក៏មានផែនការទិញមីស៊ីលប្រភេទបន្ថែមជាង ២០០គ្រាប់ផងដែរ ដើម្បីបំពាក់លើនាវាចម្បាំងរបស់ខ្លួន៕