(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃចន្ទ ទី៩ ខែធ្នូ បានព្រមានថាក្រុម ISIS នឹងព្យាយាមប្រើប្រាស់កាលៈទេសៈសព្វថ្ងៃ ដើម្បីប្រមូលផ្ដុំកម្លាំងឡើងវិញ នៅក្នុងប្រទេសស៊ីរី ក្រោយរបបលោក Assad ដួលរលំ ប៉ុន្តែបាននិយាយថាសហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តទប់ស្កាត់មិនឱ្យរឿងបែបនេះកើតឡើងនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមលោក Blinken ប្រជាជនស៊ីរីគឺជាអ្នកជ្រើសរើសអនាគតរបស់ពួកគេ ហើយសេចក្ដីថ្លែងការណ៍របស់មេដឹកនាំឧទ្ទាមចំពោះការបង្កើតរដ្ឋាភិបាលប្រកបដោយបរិយាបន្ន ជារឿងគួឱ្យស្វាគមន៍ តែ វាត្រូវតែមានវិធានការអនុវត្តជាក់ស្ដែង មិនមែននិយាយត្រឹមតែមាត់ឡើយ។ ថ្លែងក្នុងព្រឹត្តិការណ៍មួយនៅឯក្រសួងការបរទេសអាមេរិក លោក Blinken បានបន្ថែមទៀតថា «ការបិទបញ្ចប់របបនេះ (របបលោក Assad) គឺជាបរាជ័យសម្រាប់អ្នកដែលប្រព្រឹត្តទង្វើឃោរឃៅ និងអំពើពុករលួយ មិនមែនត្រឹមតែជាបរាជ័យសម្រាប់អ៉ីរ៉ង់ ហេសបូឡា និងរុស្ស៉ីប៉ុណ្ណោះទេ។ ដូច្នេះក្នុងពេលនេះ វាជា ឱកាសជាប្រវតិ្តសាស្ត្រ ប៉ុន្តែក៏មានហានិភ័យផងដែរ... ក្រុម ISIS អាចនឹងព្យាយាមប្រើប្រាស់កាលៈទេសសព្វថ្ងៃដើម្បីប្រមូលផ្ដុំកម្លាំងឡើងវិញ»។
គួរបញ្ជាក់ថា បើតាមលោក Blinken ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកលើគោលដៅមួយចំនួនក្នុងប្រទេសស៊ីរី កាលពីចុងសប្ដាហ៍កន្លងទៅ បានបង្ហាញថាទីក្រុងវ៉ាស៊ីនតោន មានការប្ដេជ្ញាចិត្តដើម្បីទប់ស្កាត់កុំឱ្យក្រុម ISIS ងើបឡើងវិញ៕