(មូស្គូ)៖​ នៅថ្ងៃសៅរ៍​ ទី២៨​ ខែធ្នូនេះ​ ប្រធានាធិបតីរុស្ស៉ីលោក វ្ល៉ាឌីមៀ ពូទីន បានសុំទោសប្រធានាធិបតីអាស៊ែបៃហ្សង់ សម្រាប់ឧប្បត្តិហេតុធ្លាក់យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន​ Azerbaijan Airlines ក្នុងដែនអាកាសរុស្ស៉ី​ និងនៅបន្ទាប់ពីប្រព័ន្ធការពារដែនអាកាសរុស្ស៉ី​ កំពុងបាញ់ស្ទាក់យន្តហោះដ្រូនអ៊ុយក្រែន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

វិមានក្រឹមឡាំងបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «លោកប្រធានាធិបតី ពូទីន សុំទោសចំពោះឧប្បត្តិហេតុសោកនាដកម្ម​ ដែលកើតឡើងនៅក្នុងដែនអាកាសរុស្ស៉ីហើយជាថ្មីម្តងទៀតសូមសម្តែងការរំលែកទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះ និងសូមជូនពរឱ្យអ្នករបួសឆាប់ជាសះស្បើយឡើងវិញ»។​ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា​ «​នៅពេលនោះ ទីក្រុង​ Grozny, Mozdok និង Vladikavkaz កំពុងរងការវាយប្រហារដោយដ្រូនអ៊ុយក្រែន ហើយប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានដំណេីរការបាញ់ស្ទាក់ដ្រូនទាំងនោះ»។

ការិយាល័យប្រធានាធិបតីអាស៊ៃបៃហ្សង់​ បានឱ្យដឹងថា​លោកប្រធានាធិបតី​ Ilham Aliyev​ បានកត់សម្គាល់ថា យន្តហោះនេះទទួលរងការប៉ះទង្គិតផ្នែកខាងក្រៅ​ និងបច្ចេកទេសនៅក្នុងដែនអាកាសរុស្ស៉ី​ ទេីបបណ្តាលឱ្យបាត់បង់ការគ្រប់គ្រងទាំងស្រុង ហេីយត្រូវប្តូរទិសដៅទៅកាន់ទីក្រុង Aktau របស់កាហ្សាក់ស្ថាន។

គួរបញ្ជាក់ថា​ ជើងហោះហើរលេខ J2-8243 បានធ្លាក់កាលពីថ្ងៃពុធកន្លងទោ នៅជិតទីក្រុង Aktau របស់កាហ្សាក់ស្ថាន បន្ទាប់ពីបានបង្វែរទិសដៅពីភាគខាងត្បូងរុស្ស៉ី​ ជាកន្លែងដែលដ្រូនអ៊ុយក្រែន​ត្រូវបានគេរាយការណ៍ថាកំពុងវាយប្រហារទីក្រុងលេីជាច្រើន។ មនុស្ស ៣៨នាក់ស្លាប់។​ ប្រភពចំនួន​ ៤ដែលដឹងអំពីការរកឃើញបឋមនៃការស៊េីបអង្កេតរបស់អាស៊ៃបៃហ្សង់បានប្រាប់ Reuters ថាប្រព័ន្ធការពារដែនអាកាសរុស្ស៉ីច្រលំបាញ់ទម្លាក់៕