(កៀវ)៖ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានចោទប្រកាន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Robert Fico ថាកំពុងបង្កេីតបញ្ហាថាមពល ប្រឆាំងអ៊ុយក្រែនតាមបញ្ជារបស់រុស្ស៉ី ខណៈដែលជម្លោះលេីការបញ្ជូនឧស្ម័ននៃប្រទេសទាំងពីរកាន់តែស៉ីជម្រៅ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ ២០២៤។
ឧស្ម័នរុស្ស៉ីត្រូវបញ្ជូនកាត់តាមអ៊ុយក្រែនទៅកាន់ប្រទេសអឺរ៉ុបមួយចំនួនរួមទាំងស្លូវ៉ាគី ប៉ុន្តែលំហូរនេះនឹងត្រូវបញ្ឈប់នៅពេលកិច្ចព្រមព្រៀងឆ្លងកាត់ដែលមានស្រាប់មុនសង្រ្គាមផ្ទុះឡេីង ផុតកំណត់នៅចុងឆ្នាំនេះ។ លោកFico ដែលបានទៅសួរសុខទុក្ខលោក ពូទីន ដល់ទីក្រុងមូស្គូកាលពីដើមសប្តាហ៍នេះនិយាយថា ស្លូវ៉ាគីនឹងពិចារណាចាត់វិធានការប្រឆាំងអ៊ុយក្រែន ដូចជាការបញ្ឈប់ការផ្គត់ផ្គង់អគ្គិសនី ប្រសិនបើទីក្រុងកៀវបញ្ឈប់ការដឹកជញ្ជូនឧស្ម័នចាប់ពីថ្ងៃទី១ ខែមករា។
លោក ហ្សេលេនស្គី បានបញ្ជាក់ថា «វាហាក់ដូចជាលោក ពូទីន បញ្ជាឱ្យលោក Fico បង្កេីតបញ្ហាផ្នែកថាមពលមួយទៀត ប្រឆាំងនឹងអ៊ុយក្រែនដោយចំណាយផលប្រយោជន៍របស់ប្រជាជនស្លូវ៉ាគី»។ តាមលោក ហ្សេលេនស្គី បច្ចុប្បន្នស្លូវ៉ាគីផ្គត់ផ្គង់ ១៩ភាគរយនៃការនាំចូលថាមពលរបស់អ៊ុយក្រែន។
គួរបញ្ជាក់ថា អ៊ុយក្រែនត្រូវបង្ខំឱ្យនាំចូលអគ្គិសនីពីប្រទេសជិតខាងជាច្រើន ចាប់តាំងពីរុស្ស៉ីកំណត់គោលដៅវាយប្រហារបណ្តាញថាមពល នៅចុងឆ្នាំ ២០២២។ អ៊ុយក្រែន ក៏កំពុងធ្វើការជាមួយប្រទេសជិតខាងសហភាពអឺរ៉ុប ដើម្បីជំរុញការផ្គត់ផ្គង់បន្ថែម៕