(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍នៅថ្ងៃអង្គារ ទី៣១ ខែធ្នូ ថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានប្តេជ្ញា លើកកម្ពស់សន្តិភាពពិភពលោក ក្នុងសារមួយ នាឱកាសអបអរឆ្នាំថ្មីឆ្នាំសកល ផ្ញើទៅកាន់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក ស៉ី បានលើកឡើងថា ទោះបីស្ថានការណ៍អន្តរជាតិប្រែប្រួលយ៉ាងក៏ដោយ ប្រទេសចិននឹងនៅតែប្តេជ្ញាឥតងាករេ ដើម្បីបន្តលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក ហើយលោកបានប្រាប់ទៅកាន់ លោក ពូទីន ថា នៅចំពោះមុខការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស មិនធ្លាប់មានក្នុងរយៈពេលប្រមាណជាមួយសតវត្សរ៍ និងភាពវឹកវរនៃស្ថានការណ៍អន្តរជាតិ ចិននិងរុស្ស៉ីបានរួមគ្នាដើរទៅមុខជានិច្ចនៅលើគន្លងផ្លូវត្រឹមត្រូវ នៃការមិនប្រកាន់បក្ខពួក មិនប្រឈមមុខគ្នា និងមិនមានគោលដៅប្រឆាំងភាគីទី៣។
គួរបញ្ជាក់ថា លោកប្រធានាធិបតីទាំងពីរ ត្រូវគេមើលឃើញថា មានទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងរឹងមាំជាមួយគ្នា ដោយលោក ស៉ី ហៅសមភាគីរុស្ស៉ីថា «មិត្តសម្លាញ់» ខណៈលោក ពូទីន ចាត់ទុកលោក ស៉ី ជា «ដៃគូដែលអាចជឿទុកចិត្តនិងពឹងពាក់បាន»។ ទំនាក់ទំនងរវាងមេដឹកនាំទាំងពីរ នៅតែមានភាពឋិតថេរជាប់រហូតមក បើទោះបីជានៅចំពោះមុខការកើនឡើង នៃបញ្ហារកាំរកូសជាមួយ ក្រុមប្រទេសលោកខាងលិចក៏ដោយ តួយ៉ាងដូចត្រូវបានស្តែងឱ្យឃើញ តាមរយៈវិបត្តិសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ជាដើម៕