(យូអិន)៖ កាលពីថ្ងៃសុក្រ ទី៣ ខែមករា អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា មនុស្សសរុបច្រើនជាង៣.៥លាននាក់ ត្រូវបានបង្ខំឱ្យរត់ភៀសខ្លួនចេញពីលំនៅដ្ឋាន ដោយសារតែជម្លោះប្រដាប់អាវុធ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈតួលេខនេះ គឺជាការកើនឡើងក្នុងចំនួន១.៥លាននាក់ ធៀបនឹងតួលេខកាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ទីភ្នាក់ងារមនុស្សធម៌របស់ UN ហៅកាត់ OCHA បាននិយាយថា គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បើតាមការប៉ាន់ស្មាន មនុស្សជាង៣.៥លាននាក់ ឬស្មើនឹងជាង៦ភាគរយ នៃចំនួនប្រជាជនសរុប ៥៧លាននាក់ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា នាពេលនេះ គឺត្រូវបានបង្ខំឱ្យព្រាត់ប្រាសពីផ្ទះសម្បែងរបស់ពួកគេ ហើយក្នុងចំណោមនោះ ១ភាគ៣ គឺជាកុមារ។ បើតាម OCHA តួលេខនេះ គឺជាកំណើនជិត១.៥លាននាក់ នៃប្រជាជនដែលរត់ភៀសខ្លួននៅក្នុងស្រុក ធៀបទៅនឹងកាលពីមួយឆ្នាំមុន។
UN បានប៉ាន់ប្រមាណថា មនុស្សប្រហែល១៩.៩នាក់ នៅមីយ៉ាន់ម៉ា ឬស្មើនឹងជាង១ភាគ៣ នៃប្រជាជនសរុប នឹងចាំបាច់ត្រូវការជំនួយមនុស្សធម៌ ក្នុងឆ្នាំ២០២៥នេះ។ ទីភ្នាក់ងារ OCHA បានប្រកាសស្វែងរករកថវិកាចំនួន១.១ពាន់លានដុល្លារ ដើម្បីយកទៅជួយមនុស្ស៥.៥លាននាក់ ក្នុងឆ្នាំ២០២៥ ប៉ុន្តែការអំពាវនាវរកថវិកាបែបនេះ ជាយូរមកហើយ គឺតែងតែមិនទទួលបានថវិកាគ្រប់ចំនួន តាមគោលដៅចង់បានឡើយ។
គួរបញ្ជាក់ថា ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារ ដណ្តើមអំណាចកាលពីឆ្នាំ២០២១មក ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ទៅក្នុងភាពវឹកវរយ៉ាងខ្លាំង ដោយការប្រយុទ្ធគ្នា បានផ្ទុះឡើងជាថ្មី រវាងក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច ហើយនិងកងកម្លាំងរបស់រដ្ឋាភិបាលយោធា៕