(ប្រាក)៖ នាយករដ្ឋមន្រ្តី លោក Robert Fico បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា លោកទទួលបានការធានាផ្គត់ផ្គង់ឧស្ម័នសម្រាប់ប្រទេសស្លូវ៉ាគី អំឡុងពេលនៃដំណើរទស្សនកិច្ចទៅជួបលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងមូស្គូកាលពីខែធ្នូ មុនពេលកិច្ចព្រមព្រៀងបញ្ជូនឧស្ម័ន រវាងអ៊ុយក្រែន និងរុស្ស៉ី អស់សុពលភាពនាដើមឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ ២០២៥។
លោក Fico គូសបញ្ជាក់ថា «ខ្ញុំត្រូវតែរកការធានាជាអប្បបរមាលើបញ្ហាឧស្ម័ន សម្រាប់ការប្រើប្រាស់ក្នុងស្រុករបស់ស្លូវ៉ាគី ដែលអាចឱ្យយើងមានសុវត្ថិភាព»។ លោក Fico មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ហើយការិយាល័យរដ្ឋាភិបាលស្លូវ៉ាគី មិនទាន់ឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយនៅឡើយទេ។
កន្លងមក លោក Fico ធ្លាប់រិះគន់អ៊ុយក្រែនថា បានធ្វើឱ្យប៉ះពាល់ដល់ស្លូវ៉ាគី ដោយការមិនបន្តកិច្ចព្រមព្រៀងបញ្ជូនឧស្ម័ន ហើយគំរាមថានឹងឈប់ផ្គត់ផ្គង់ថាមពលអគ្គិសនី រួមទាំងកាត់បន្ថយជំនួយសម្រាប់ជនភៀសខ្លួនអ៊ុយក្រែន។ តាមទិន្នន័យរបស់ប្រតិបត្តិករបណ្តាញបញ្ជូនឧស្ម័ន Eustream ស្លូវ៉ាគីបន្តទទួលឧស្ម័នរុស្ស៉ីដែលចូលមកហុងគ្រី តាមរយៈបំពង់ឧស្ម័ន Turk Stream ចាប់តាំងពីការផ្អាកលំហូរដែលកាត់តាមអ៊ុយក្រែន៕