(កៀវ)៖ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា កិច្ចប្រជុំចុងថ្មីក្រោយបង្អស់ នៅក្នុងប្រទេសអាល្លឺម៉ង់ ជាមួយសម្ព័ន្ធមិត្តលោកខាងលិច អ៊ុយក្រែនទទួលបានការសន្យាផ្តល់ជំនួយផ្នែកយោធាបន្ថែមចំនួន ២ពាន់លានដុល្លារ ដើម្បីបន្តប្រយុទ្ធនឹងសង្រ្គាមប្រឆាំងរបស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ ២០២៥។

បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ លោក ហ្សេលេនស្គី បានផ្តល់ព័ត៌មានលម្អិតមួយចំនួនប៉ុណ្ណោះ ទាក់ទងនឹងជំនួយ ប៉ុន្តែប្រទេសចំនួន ៣៤ សន្យាគាំទ្រអ៊ុយក្រែនក្នុងទិដ្ឋភាពផ្សេងគ្នា។ លោក ហ្សេលេនស្គី គូសបញ្ជាក់ដូច្នេះថា «យើងមានកិច្ចប្រជុំជាមួយនិងលទ្ធផលល្អណាស់។ មានកញ្ចប់ជំនួយបន្ថែមចំនួន ២ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន»។ លោក ហ្សេលេនស្គី មិនបានឱ្យដឹងទេថា ​ប្រទេស​ណាខ្លះ​ជាអ្នកសន្យា​ផ្តល់ឱ្យ ដោយគ្រាន់តែនិយាយ ជំនួយទាំងនោះគ្របដណ្តប់លើការការពារដែនអាកាស បច្ចេកវិទ្យាព័ត៌មាន ការដោះមីន និងសម្រាប់កងទ័ពជើងទឹក អាកាស និងកាំភ្លើងធំ។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុង Ramstein ហើយបន្ទាប់មកបានជួបនាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Giorgia Meloni នៅទីក្រុងរ៉ូម ជាទីដែលលោកនិយាយថា បានពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើង នូវការការពារដែនអាកាសរបស់អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតជំហររួបរួមមួយ លើការឆ្ពោះទៅរកដំណោះស្រាយនៃសង្គ្រាម៕