(ប៉េកាំង)៖ នៅថ្ងៃសុក្រ ទី១០ ខែមករា ក្រសួងការបរទេសនៃប្រទេសចិន បានឱ្យដឹងថា ខ្លួនបានរក្សាការទាក់ទងជិតស្និទ្ធជាមួយ អង្គការសុខភាពពិភពលោក (WHO) ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម នៅពេលត្រូវបានសាកសួរអំពី ការកើនឡើងនៃករណីជំងឺផ្លូវដង្ហើម បង្កឡើងដោយមេរោគ human metapneumovirus (HMPV) ក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា រដ្ឋាភិបាលចិន យកចិត្តទុកដាក់ជាខ្លាំងលើសុខភាព របស់ប្រជាជនចិនផ្ទាល់ ក៏ដូចជាជនបរទេសនៅក្នុងប្រទេសចិន ប៉ុន្តែ HMPV មិនមែនជាវីរុសប្រភេទថ្មីអ្វីឡើយ ដោយវាបានឆ្លងទៅមករវាងមនុស្ស អស់រយៈពេលជាង៦០ឆ្នាំមកហើយ។
ក្នុងរបាយការណ៍ថ្មីចុងក្រោយបង្អស់ មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លង CDC របស់ចិន បាននិយាយថា ករណីជំងឺ HMPV នៅបន្តមានកម្រិតខ្ពស់ ហើយនេះគឺមិនសូវជាខុសអ្វីជាមួយករណីឆ្លង នៅតាមតំបន់ដទៃទៀតនៃអឌ្ឍគោលខាងជើងឡើយ។ លោក Guo បានបន្តថា វាគឺជារឿងគួរឱ្យបារម្ភខ្លាំងមួយ ក្នុងការលើកឡើងបំផ្លើសវីរុសទូទៅធម្មតា ថាជាវីរុសមិនធ្លាប់ស្គាល់ពីមុន ដែលវាផ្ទុយទៅនឹងការគិតគូរត្រឹមតាមបែបវិទ្យាសាស្រ្ត។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ WHO ក៏បានឱ្យដឹងដែរថា ខ្លួនបានរក្សាការទាក់ទងជាប់ជាមួយ អាជ្ញាធរសុខាភិបាលចិន ហើយមិនមានទទួលបានសេចក្តីរាយការណ៍ណាមួយ អំពីស្ថានភាពនៃការឆ្លងរាលដាលខុសប្រក្រតី នោះឡើយ៕