(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតី ចូ បៃដិន បានពន្យារពេលនិរទេសជនចំណាកស្រុកចំនួន ៩០០ ០០០នាក់មកពីអ៊ុយក្រែន វ៉េណេស៊ុយអេឡា អែលសាល់វ៉ាឌ័រ និងស៊ូដង់ ដែលជាចំណាត់ការមួយ ខ្ទាស់នឹងបំណងរបស់អនាគតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើកិច្ចការបង្រ្កាបបញ្ហាអន្តោប្រវេសន៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ ២០២៥។
ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានពន្យារពេលចុះឈ្មោះក្នុងប្រព័ន្ធ TPS ដែលជាកម្មវិធីមួយផ្តល់សិទ្ធិឱ្យជនចំណាកស្រុក ស្ថិតនៅក្នុងសហរដ្ឋអាមេរិកជាបណ្តោះអាសន្ន។ មានន័យថា ជនចំណាកស្រុកដែលត្រូវនិរទេសខ្លួនខាងលើនេះ នឹងទទួលបានប័ណ្ណការងាររយៈពេល ១៨ខែបន្ថែម។
ចាប់តាំងពីដើមអាណត្តិប្រធានាធិបតីឆ្នាំ ២០២១ លោក បៃដិន បានបង្កើនចំនួនជនចំណាកស្រុកដែលមានសិទ្ធិទទួលបាន TPS ដូចជាប្រជាជនដែលប្រទេសកំណើតពួកគេ ជួបប្រទះគ្រោះមហន្តរាយធម្មជាតិ ជម្លោះប្រដាប់អាវុធ ឬព្រឹត្តិការណ៍អាក្រក់ៗផ្សេងទៀត ហើយឥឡូវនេះមានជាង ១លាននាក់មកពី ១៧ប្រទេស។
លោក ត្រាំ ដែលនឹងត្រលប់មកសេតវិមានវិញ នៅថ្ងៃទី២០ ខែមករាខាងមុខ ធ្លាប់ព្យាយាមបញ្ចប់ការចុះឈ្មោះ TPS អំឡុងអាណត្តិទី១ របស់លោក ប៉ុន្តែត្រូវបានរារាំងដោយតុលាការអាមេរិក។ នៅអាណត្តិថ្មីនេះ លោក ត្រាំ បានសន្យាថា នឹងបង្រ្កាបជនអន្តោប្រវេសន៍មួយភាគធំ ហើយក៏មាននូវគោលការណ៍ឈប់ផ្តល់ TPS នេះផងដែរ៕