(វ៉ាស៉ីនតោន)៖ លិខិតចម្លងនៃសេចក្តីព្រាងច្បាប់ដើម្បីពិនិត្យ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានឱ្យដឹងថា ក្រុមសម្ព័ន្ធមិត្តរបស់ អនាគតប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅក្នុងសភាតំណាងរាស្រ្តអាមេរិក កំពុងព្យាយាមបង្កើតការគាំទ្រលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុញ្ញាតឱ្យមានកិច្ចចរចាទិញយកដែនដី Greenland។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ ២០២៥។

អ្នកតំណាងនៃគណបក្សសាធារណរដ្ឋ លោក Andy Ogles ដែលកំពុងដឹកនាំសេចក្តីព្រាងច្បាប់នេះ រួមទាំង លោកស្រី Diana Harshbarger បាននិយាយថា ច្បាប់នោះហៅថា «Make Greenland Great Again Act»។ ប្រសិនបើត្រូវបានអនុម័តមែន នោះនឹងអនុញ្ញាតឱ្យប្រធានាធិបតីអា​មេរិក ដែលចូលកាន់តំណែងនាថ្ងៃទី២០ ខែមករា ចរចាបញ្ហានេះជាមួយដាណឺម៉ាក។

តាមខ្លឹមសារលិខិតចម្លងនៃសេចក្តីព្រាងច្បាប់នោះ «សភាអនុញ្ញាតឱ្យប្រធានាធិបតី ស្វែងរកការចរចាជាមួយដាណឺម៉ាក ដើម្បីឱ្យសហរដ្ឋអាមេរិកទិញយកដែនដី Greenland។ មិនយូរជាង ៥ថ្ងៃទេ បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយដាណឺម៉ាក ប្រធានាធិបតីត្រូវបញ្ជូនសំណើទៅកាន់គណៈកម្មាធិការសភា ដើម្បីសម្រេច»

គួរបញ្ជាក់ថា Greenland ដែលគ្រប់គ្រងដោយដាណឺម៉ាក អស់ច្រើនសតវត្សមកហើយ ពីមុនធ្លាប់ជាដែនដីអាណានិគម និងឥឡូវនេះដែនដីជាងពាក់កណ្តាល ស្ថិតក្នុងអធិបតេយ្យរបស់ដាណឺម៉ាក។ វាក៏ស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញដាណឺម៉ាកផងដែរ មានន័យថាការផ្លាស់ប្តូរណាស្ថានភាពមួយដើម ទាមទារឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេស។

លោក ត្រាំ និយាយថាលោកចង់ឱ្យ Greenland ក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក ហើយមិនបានច្រានចោលឡើយ នូវលទ្ធភាពប្រើអំណាចយោធា ឬសេដ្ឋកិច្ចដើម្បីបញ្ចុះបញ្ចូលដាណឺម៉ាក។ គណបក្សសាធារណរដ្ឋ បានឈ្នះសំឡេងភាគច្រើន ទាំងនៅក្នុងសភាតំណាងរាស្រ្ត និងព្រឹទ្ធសភាក្នុងការបោះឆ្នោតអាមេរិក កាលពីថ្ងៃទី៥ ខែវិច្ឆិកា៕