(មូស្គូ)៖ ក្រសួងការបរទេសឥណ្ឌា បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ជនជាតិឥណ្ឌាម្នាក់ ដែលទំនងជាត្រូវបានកងទ័ពរុស្ស៉ី ជ្រើសរើសឱ្យទៅប្រយុទ្ធក្នុងសមរភូមិ ត្រូវបានសម្លាប់ ខណៈម្នាក់ទៀតកំពុងទទួលការព្យាបាលរបួស នៅមន្ទីរពេទ្យក្នុងទីក្រុងមូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ ២០២៥។

រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី Narendra Modi កំពុងដោះស្រាយបញ្ហានេះជាមួយអាជ្ញាធររុស្ស៉ី ទាំងនៅក្នុងទីក្រុងមូស្គូ និងជាមួយស្ថានទូតរុស្ស៉ី ក្នុងទីក្រុងញូវដេលី ហើយរំលឹកឡើងវិញនូវការទាមទាររបស់ខ្លួន ឱ្យបណ្តេញជនជាតិឥណ្ឌាដែលនៅសេសសល់ក្នុងជួរកងទ័ពរុស្ស៉ី ឱ្យត្រលប់មកវិញ។ ក្រសួងការបរទេសឥណ្ឌាបញ្ជាក់ថា «ជនជាតិឥណ្ឌាទាំង​ពីររូប ​មក​ពី​រដ្ឋ Kerala ភាគ​ខាង​ត្បូង។ យើងកំពុងធ្វើការ ដើម្បីនាំយកអដ្ឋិធាតុត្រលប់មកប្រទេសវិញក្នុងពេលឆាប់ៗ​ និង​ស្វែង​រក​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​​អ្នក​​របួសផងដែរ»

គួរបញ្ជាក់ថា កាលពីខែឧសភា ប៉ូលិសឥណ្ឌាបានចាប់ខ្លួនមនុស្ស ៤នាក់ដែលមានទំនាក់ទំនង ជាមួយបណ្តាញក្រុមជួញដូរមនុស្ស ដោយសង្ស័យថាបានទាក់ទាញយុវជនឱ្យទៅរុស្ស៉ី ជាមួយនិងការសន្យាជួយរកការងារ ដែលផ្តល់ប្រាក់កម្រៃ គឺដើម្បីតែបង្ខំពួកគេឱ្យចូលរួមប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែន៕