(ការ៉ាកាស)៖ កាលពីថ្ងៃអង្គារ ទី១៤ ខែមករា វ៉េណេស៊ុយអេឡា បានប្រកាសដាក់ការរឹតត្បិតទៅលើ មន្រ្តីការទូតបារាំង អ៉ីតាលី និងហូឡង់ ដែលមានវត្តមានលើទឹកដីរបស់ខ្លួន ក្រោមហេតុផលថា រដ្ឋាភិបាលនៃប្រទេសអឺរ៉ុបទាំង៣ បានប្រកាន់ជំហរអមិត្តចំពោះ ការស្បថចូលកាន់តំណែងរបស់ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រសួងការបរទេសវ៉េណេស៊ុយអេឡា បានប្រកាសថា ខ្លួននឹងកំណត់ចំនួនមន្រ្តីការទូត ដែលមានការទទួលស្គាល់ផ្លូវការ មកត្រឹមតែ៣នាក់ប៉ុណ្ណោះ សម្រាប់ប្រទេសនីមួយៗខាងលើ ហើយមន្រ្តីការទូតដទៃទៀតនៃប្រទេសទាំងនោះ ក៏នឹងចាំបាច់ត្រូវមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរផងដែរ ដើម្បីអាចធ្វើដំណើរឆ្ងាយជាង៤០គីឡូម៉ែត្រ ចេញពីតំបន់ Plaza Bolivar ក្នុងរដ្ឋធានីការ៉ាកាស។
គួរបញ្ជាក់ថា លោក Maduro បានស្ថិតក្រោមការប្រឈមមុខដាក់គ្នា ជាមួយក្រុមលោកខាងលិច និងប្រទេសអាមេរិកឡាទីនមួយចំនួនទៀត ជុំវិញការអះអាងរបស់ខ្លួន ដែលថា រូបលោកបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។ លោក Maduro រងការចោទប្រកាន់ថា បានលួចបន្លំការបោះឆ្នោតនោះ ដោយតាមពិតក្រុមប្រឆាំងទៅវិញទេ ជាអ្នកឈ្នះ។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ក្រុម G7 និងប្រទេសជិតខាងមួយចំនួន បានបដិសេធទទួលស្គាល់ ការជាប់ឆ្នោតរបស់លោក ហើយបារាំង អ៉ីតាលី និងហូឡង់ កាលពីសប្តាហ៍មុន បានចេញមុខថ្កោលទោសខ្លាំងជាងគេ លើរដ្ឋបាលលោក Maduro ស្របពេលដែល លោកស្បថចូលកាន់តំណែងជាផ្លូវការ សម្រាប់អាណត្តិថ្មី ដែលមានរយៈពេល៦ឆ្នាំទៀត៕