(ប៉េកាំង)៖ ក្រសួងសន្តិសុខសាធារណៈចិន បាននិយាយកាលពីថ្ងៃពុធ ទី១៥ ខែមករា ថាទីក្រុងប៉េកាំងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសង្រ្គោះជនជាតិចិនដែលបានធ្លាក់ចូលក្នុងអន្ទាក់នៃអំពើឆបោក ដែលលួងលោម ជនរងគ្រោះឱ្យធ្វើដំណើរទៅកាន់បណ្ដាប្រទេសមួយចំនួនក្នុងនោះរួមមានទាំងមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការកត់សម្គាល់បែបនេះរបស់ក្រសួងសុន្តិសុខសាធារណៈចិន ធ្វើឡើងនៅក្នុងរបាយការណ៍មួយដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV។ តាមរបាយការណ៍នេះដដែល ពួកឆបោកនៅក្រៅប្រទេសបាន ល្បួងជនជាតិចិនជាមួយការសន្យាផ្ដល់ប្រាក់ខែខ្ពស់ ចំណីអាហារ ការស្នាក់នៅ និងថ្លៃសំបុត្រយន្តហោះ ហើយបានឃុំខ្លួនជនរងគ្រោះនៅតាមមជ្ឈមណ្ឌលឆបោកក្នុងទីក្រុងមួយចំនួន ដូចជាទីក្រុង Myawaddy ដែលជាទីក្រុង របស់មីយ៉ាន់ម៉ាជាប់ព្រំដែនជាមួយថៃ។
សេចក្ដីរាយការណ៍របស់ CCTV កើតមានឡើង បន្ទាប់ពីមានករណីឆបោកដែលមានជាប់ពាក់ព័ន្ធនឹងតារាសម្ដែងចិនម្នាក់ដែលបានបាត់ខ្លួនកាលពីដើមខែមករាកន្លងទៅ នៅក្នុងខេត្ត Tak ភាគខាងជើងប្រទេសថៃ។ ប៉ូលិសថៃ បាននិយាយថាពួកគេជឿជាក់ថាតារាសម្ដែងចិនរូបនេះជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស។ CCTV បានបញ្ជាក់ទៀតថាចិននឹងបង្កើនកិច្ចប្រឹងប្រែងសហការជាមួយអាជ្ញាធរនៃបណ្ដាប្រទេសដទៃ ដើម្បីសម្របសម្រួល ជួយសង្រ្គោះជនជាតិចិនដែលត្រូវបានឆបោកនៅក្រៅប្រទេស ហើយនឹងបំផ្លាញសំបុកពួកជនឆបោកទាំងនោះ។
គួរបញ្ជាក់ថា ប្រទេសថៃ កាលពីឆ្នាំ២០២៤ បានជួយសម្របសម្រួលក្នុងការជួយសង្រ្គោះជនជាតិចិនជាង ៩០០នាក់ ដែលជាប់ឃុំក្នុងមជ្ឈមណ្ឌលឆបោកក្នុងទីក្រុង Myawaddy ហើយកាលពីឆ្នាំ២០២៣ មីយ៉ាន់ម៉ា បាន បញ្ជូនជនសង្ស័យជាជនឆបោកជាង ៣១០០០នាក់ ទៅកាន់ប្រទេសចិន៕