(វ៉ាសូវី)៖ នាយករដ្ឋមន្រ្តីប៉ូឡូញ លោក Donald Tusk បាននិយាយថា រុស្ស៉ីមានផែនការធ្វើ ​«​ភេរវកម្ម​តាម​ផ្លូវអាកាស​» ​ប្រឆាំង​ក្រុមហ៊ុន​អាកាសចរណ៍​ជុំវិញ​ពិភពលោក ហើយនាំការ​បំផ្លិចបំផ្លាញមកកាន់ទឹកដី​ប៉ូឡូញ ឬអាចលើសពីប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ ២០២៥។

លោក Tusk បានប្រកាសបែបនេះ នៅពេលទទួលស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងទីក្រុងវ៉ាសូវី កាលពីថ្ងៃពុធ។ លោក Tusk ប្រាប់ក្រុមអ្នកយកព័ត៌មានដូច្នេះថា «ប៉ូឡូញដើរតួនាទីសំខាន់នៅអឺរ៉ុប ក្នុងការទប់ទល់នឹងអំពើបំផ្លិចបំផ្លាញដែលរុស្ស៉ីកំពុងរៀបចំ ហើយមិនត្រឹមតែចំពោះប៉ូឡូញប៉ុណ្ណោះទេ»។ លោកបន្ថែមថា «សកម្មភាពមួយចំនួន គឺគួរឱ្យរន្ធត់។ ខ្ញុំមិនលម្អិតទេ ​តែខ្ញុំអាចបញ្ជាក់អត្ថន័យនៃការភ័យខ្លាចទាំងនោះថា រុស្ស៉ីគ្រោងធ្វើសកម្មភាពប្រឆាំងនឹង ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោក»

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ប្រទេសលីទុយអានី ចាប់បានអ្នកពាក់ព័ន្ធមួយចំនួន ក្នុងការស៉ើបអង្កេតឧក្រិដ្ឋកម្ម ទាក់ទងនឹងការបញ្ជូនឧបករណ៍ផ្ទុះ តាមយន្តហោះរបស់លោកខាងលិច។ ប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញ និងលីទុយអានី បានរាយការណ៍ថា ឧបករណ៍ផ្ទុះ រួមទាំងម៉ាស៉ីនម៉ាស្សាអគ្គិសនីដែលបង្កប់សារធាតុងាយឆេះ ត្រូវបានបញ្ជូនពីលីទុយអានីទៅអង់គ្លេស កាលពីខែកក្កដា ហើយអាចពាក់ព័ន្ធនឹងករណីឆេះរថយន្តដឹកទំនិញ នៅខាងក្រៅទីក្រុងវ៉ាសូវី។ ប្រធានទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីលីទុយអានី បាននិយាយថា ទីក្រុងមូស្គូជាអ្នកនៅពីក្រោយឧប្បត្តិហេតុនោះ។ ​ដោយឡែក ប៉ូលិសប្រឆាំងភេរវនិយមរបស់ចក្រភពអង់គ្លេស ក៏បានឱ្យដឹងកាលពីខែតុលាថា ពួកគេកំពុងស៉ើបអង្កេតពីរបៀបដែលទំនិញក្នុងឃ្លាំងមួយ ត្រូវឆាបឆេះ កាលពីដើមឆ្នាំ បន្ទាប់ពីករណីស្រដៀងគ្នានេះ កើតមានឡើងនៅអាល្លឺម៉ង់ និងត្រូវបានស្តីបន្ទោសទៅលើរុស្ស៉ីដែរ៕