(វ៉ាស៉ីនតោន)៖ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ជាផ្លូវការ លោក ដូណាល់ ត្រាំ បានផ្តល់ការលើកលែងទោសដល់ អ្នកគាំទ្ររបស់លោកប្រមាណ១៥០០នាក់ ដែលបានសម្រុកចូលលុកលុយវាយប្រហារ ក្នុងវិមានសភាអាមេរិក US Capitol កាលពី៤ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥។
កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្រុមអ្នកគាំទ្រលោក ត្រាំ រាប់ពាន់នាក់ បាននាំគ្នាចូលអុកឡុកវាយប្រហារលើវិមានសភាអាមរិក ក្នុងការប៉ុនប៉ងមួយ ដែលមិនបានសម្រេច ដើម្បីផ្លាស់ប្តូរលទ្ធផលបរាជ័យរបស់លោក ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីឆ្នាំ២០២០ ដែលនៅពេលនោះ លោក ត្រាំ បានចាញ់ លោក បៃដិន ក្រោយកាន់អំណាចបានត្រឹម១អាណត្តិ។ ប៉ូលិសអាមេរិកប្រហែល១៤០នាក់ បានទទួលរងអំពើហិង្សា អំឡុងពេលវាយប្រហារនោះ ហើយមនុស្ស៤នាក់ ក៏បានស្លាប់ផងដែរ អំឡុងភាពចលាចល ក្នុងនោះរួមមានទាំងអ្នកគាំទ្រម្នាក់របស់លោក ដែលត្រូវបានប៉ូលិសបាញ់ស្លាប់។
គួរបញ្ជាក់ថា ក្នុងបទបញ្ជាលើកលែងទោសខាងលើ លោក ត្រាំ បានបង្គាប់ឱ្យមានការដោះលែងមុនពេលកំណត់ ចំពោះមេដឹកនាំចំនួន១៤នាក់ របស់ក្រុមស្តាំនិយម Oath Keepers និង Proud Boys ដែលកំពុងអនុវត្តទោសជាប់ពន្ធនាគារ រយៈពេលវែង៕