(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី២៤ ខែមករា លោក Pete Hegseth ត្រូវបានព្រឹទ្ធសភាអាមេរិក បោះឆ្នោតទទួលស្គាល់ជា រដ្ឋមន្រ្តីការពារជាតិថ្មីរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការតែងតាំងរូបលោក ត្រូវបានញាំញីដោយរឿងអាស្រូវ។
លទ្ធផលនៃការបោះឆ្នោតទទួលស្គាល់ លោក Hegseth គឺ៥០សំឡេងគាំទ្រ ទល់នឹង៥០សំឡេងប្រឆាំង បន្ទាប់ពីសមាជិក៣នាក់ នៃគណបក្សសាធារណរដ្ឋផ្ទាល់ បានចូលរួមជាមួយសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ និងសមាជិកឯករាជ្យដទៃទៀត បោះឆ្នោតប្រឆាំងនឹងការតែងតាំងលោក។ លទ្ធផលជាប់គាំងបែបនោះ តម្រូវឱ្យអនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលមានឋានៈជាប្រធានព្រឹទ្ធសភា ត្រូវបោះឆ្នោតកាត់សេចក្តី ហើយលោកក៏បានបោះឆ្នោតក្នុងសំឡេងគាំទ្រ។ លោក Hegseth ដែលជាអតីតអ្នកអត្ថាធិប្បាយព័ត៌មាន របស់ទូរទស្សន៍ព័ត៌មាន Fox News និងជាអតីតយុទ្ធជន សន្យាថា នឹងនាំមកនូវការផ្លាស់ប្តូរសំខាន់ៗ ដល់មន្ទីរបញ្ចកោណ ដែលជាក្រសួងការពារជាតិអាមេរិក។
គួរបញ្ជាក់ថា លោក Hegseth គឺជាបេក្ខជនមានភាពចម្រូងចម្រាសជាងគេបង្អស់ សម្រាប់មុខតំណែងជាប្រមុខការពារជាតិរបស់សហរដ្ឋអាមេរិក ខណៈជាទម្លាប់តួនាទីនេះ ជារឿយៗត្រូវបានផ្តល់ឱ្យទៅបេក្ខជន ដែលមានបទពិសោធស៉ីជម្រៅ ក្នុងការគ្រប់គ្រងដឹកនាំស្ថាប័នធំៗ និងជាបុគ្គលដែលទទួលបានការគាំទ្រទូលំទូលាយ ទាំងពីសំណាក់បក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ។ ការតែងតាំងលោក Hegseth ត្រូវបានញាំញ៉ីដោយរឿងអាស្រូវ។ វាគឺជាលើកទី២ហើយក្នុងប្រវត្តិសាស្រ្ត ដែលបេក្ខជនជារដ្ឋមន្រ្តី ទាមទារឱ្យមានការបោះឆ្នោតកាត់សេចក្តីចុងក្រោយបែបនេះ។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗមួយចំនួន គួរដឹងពីលោក Pete Hegseth៖
លោក Pete Hegseth កើតនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៨០ ក្នុងទីក្រុង Minneapolis នៃរដ្ឋ Minnesota។ នៅឆ្នាំ១៩៩៩ លោកបានចូលសិក្សាជំនាញនយោបាយ នៅសាកលវិទ្យាល័យ Princeton University។ អំឡុងពេលសិក្សានៅសាលា Princeton លោក Hegseth ក៏បានសរសេរអត្ថបទឱ្យ កាសែតនិស្សិតប្រចាំសាកលវិទ្យាល័យ ហៅថា The Princeton Tory ហើយក្រោយមក ក៏បានក្លាយជាអ្នកគ្រប់គ្រងកាសែតនោះតែម្តង ផងដែរ។ មិនតែប៉ុណ្ណោះ នៅទីនោះ លោក ក៏បានចូលរួម ក្នុងកម្មវិធីបណ្តុះបណ្តាល ROTC របស់យោធាអាមេរិក ថែមទៀតផង។
ក្រោយបញ្ចប់ការសិក្សានិងបណ្តុះបណ្តាលពី Princeton University និងកម្មវិធី ROTC នៅឆ្នាំ២០០៣ លោក Hegseth បានក្លាយជា សមាជិកកងកម្លាំងឆ្មាំជាតិអាមេរិក ហើយធ្លាប់បំពេញបេសកកម្ម៣លើក នៅក្រៅប្រទេស រួមមាននៅពន្ធនាគារ Guantánamo Bay ដែលស្ថិតក្នុងទឹកដីប្រទេសគុយបា ព្រមទាំងនៅអ៉ីរ៉ាក់ និងនៅអាហ្វហ្កានីស្ថាន។ នៅឆ្នាំ២០១២ លោកបានឈរឈ្មោះ ដើម្បីតំណាងឱ្យរដ្ឋ Minnesota នៅព្រឹទ្ធសភាអាមេរិក ក្នុងនាមសមាជិកបក្សសាធារណរដ្ឋ ប៉ុន្តែបានបោះឆ្នោតចោលការប្រកួតប្រជែង។
ចាប់តាំងពីឆ្នាំ២០១៤មក លោក Hegseth មានតួនាទី ជាអ្នកអត្ថាធិប្បាយផ្នែកនយោបាយ ឱ្យទូរទស្សន៍ព័ត៌មានអាមេរិក Fox News។ លោកបានក្លាយជា អ្នកគាំទ្ររបស់លោក ត្រាំ តាំងតែពីឆ្នាំ២០១៦ នៅពេលលោក ត្រាំ ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក លើកដំបូង។ អំឡុងរដ្ឋបាលដំបូងរបស់លោក ត្រាំ លោក Hegseth ធ្លាប់ត្រូវបានពិចារណាឱ្យដឹកនាំ ក្រសួងកិច្ចការអតីតយុទ្ធជនអាមេរិក ប៉ុន្តែពេលនោះ លោក David Shulkin ត្រូវបានជ្រើសរើសជំនួសវិញ។
គួរបញ្ជាក់ថា នៅពេលដែល លោក ត្រាំ ប្រកាសជ្រើសរើសលោក Pete Hegseth សម្រាប់តំណែងរដ្ឋមន្រ្តីការពារជាតិអាមេរិក សម្រាប់អាណត្តិទី២នេះ រឿងអាស្រូវមួយចំនួន ក៏បានផ្ទុះឡើងផងដែរ ពាក់ព័ន្ធនឹងលោក Hegseth។ ទោះជាបែបនេះក៏ដោយ ឥឡូវ លោក Hegseth វ័យ៤៤ឆ្នាំ ជាប់ឈ្នោះ ជារដ្ឋមន្រ្តីការពារជាតិអាមេរិក អាយុក្មេងជាងគេទី២ បន្ទាប់ពីលោក Donald Rumsfeld ដែលធ្លាប់កាន់តំណែង ជាប្រមុខការពារជាតិ ក្នុងវ័យ៤៣ឆ្នាំ៕