(ប៉េកាំង)៖ ប្តូរឈ្មោះ ឈូងសមុទ្រម៉ិកស៊ិក យកព្រែកជីកប៉ាណាម៉ាមកវិញ ទិញកោះ Greenland ។ល។ ការសម្តែងអាកប្បកិរិយា នៃរដ្ឋាភិបាលអាមេរិកអាណត្តិថ្មី ដែលមិនច្រានចោល ការប្រើប្រាស់មធ្យោបាយគំរាមកំហែង ដោយយោធានិងសេដ្ឋកិច្ច ដើម្បីសម្រេចបាននូវផែនការវាតទីនិយមរបស់អាមេរិកបានធ្វើឱ្យសាធារណមតិអន្តរជាតិ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ក្នុងការស្ទង់មតិរបស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេត ទូទាំងពិភពលោក មានអ្នកផ្តល់បទសម្ភាសន៍ចំនួន៧៨,៦ភាគរយ បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះ ទង្វើនៃរដ្ឋាភិបាលអាមេរិកអាណត្តិថ្មី ដែលជំរុញផែនការវាតទីនិយម ដោយយល់ឃើញថា នេះជាទង្វើផ្តាច់ការនិងអនុត្តរភាពនិយម សុទ្ធសាធ។
ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៦៦,៤ភាគរយយល់ឃើញថា សហរដ្ឋអាមេរិកធ្វើសេចក្តីសម្រេចចិត្ត ប្តូរឈ្មោះឈូងសមុទ្រក្នុងសភាពការណ៍ ដែលមិនបានពិគ្រោះពិភាក្សា យ៉ាងពេញលេញ ជាមួយប្រទេសជុំវិញឈូងសមុទ្រម៉ិកស៊ិក បានបំផ្លាញប្រពៃណីវប្បធម៌ភូមិសាស្ត្រ ហើយក៏បង្ករឿងសាកល្បងនឹង កិត្យានុភាពរបស់អង្គការសហប្រជាជាតិផងដែរ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៦,៤ភាគរយបានយល់ឃើញថា ផែនការវាតទីនៃរដ្ឋាភិបាលអាមេរិកបានបំផ្លាញ ដល់ផលប្រយោជន៍របស់សម្ព័ន្ធមិត្ត និងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។
ទាក់ទិននឹងមហិច្ឆិតាអំពីការគូរផែនទីគ្របដណ្តប់អឌ្ឍគោលខាងលិចឡើងវិញ នៃរដ្ឋាភិបាលអាមេរិកអាណត្តិថ្មី អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៤,៩ភាគរយ បានរិះគន់ថា ផែនការវាតទីនិយមនៃរដ្ឋាភិបាលអាមេរិក នឹងបង្កើនស្ថានការណ៍តានតឹង នៅទូទាំងពិភពលោកនិងបំផ្លាញសន្តិភាពក្នុងតំបន់ និងស្ថិរភាពពិភពលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន