(ញូវដេលី)៖​ ប្រទេសឥណ្ឌូណេស៉ី និងឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រេីន​ នាថ្ងៃសៅរ៍ ទី២៥​ ខែមករានេះ​ ដែលគ្របដណ្តប់លើវិស័យវប្បធម៌ សុខាភិបាល​ ដែនសមុទ្រ សន្តិសុខ និងឌីជីថល។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ពិធីចុះហត្ថលេខានេះ​ ត្រូវបានធ្វើជាសាក្សីដោយប្រធានាធិបតីឥណ្ឌូណេស៉ី​ លោក​ Prabowo Subianto និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក​ Narendra Modi នៅមុនការប្រារព្ធទិវាសាធារណរដ្ឋឥណ្ឌា​ នាថ្ងៃអាទិត្យ។

នាយករដ្ឋមន្ត្រីឥណ្ឌា​ លោក Modi បាននិយាយថា ប្រទេសទាំងពីរនឹងធ្វើការរួមគ្នា​ ក្នុងការផលិតអាវុធនិងការកែលម្អខ្សែច្រវាក់ផ្គត់ផ្គង់។​ លោក​បញ្ជាក់ទៀតថា​ «យេីងក៏បានសម្រេចចិត្តធ្វើកិច្ចសហប្រតិបត្តិការលើបញ្ហាមួយចំនួនដូចជា សន្តិសុខដែនសមុទ្រ សន្តិសុខតាមអ៉ីនធឺណេត ការប្រឆាំងភេរវកម្ម និងលុបបំបាត់អំពេីជ្រុលនិយម។»។

ចំណែក​ លោក​ Prabowo និយាយថា រដ្ឋាភិបាលរបស់លោក​ នឹងពន្លឿនភាពជាដៃគូសេដ្ឋកិច្ចជាមួយឥណ្ឌា ហេីយផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការរយៈពេលវែង។​ លោក​គូសបញ្ជាក់ថា​«​យើងបានពិភាក្សាលើវិស័យសំខាន់ៗជាច្រើនដែលមានផលប្រយោជន៍រួម។ យើងចង់ពន្លឿនកម្រិតនៃកិច្ចសហប្រតិបត្តិការ»។

លោក​ Prabowo ក៏បានអរគុណឥណ្ឌាផងដែរ​ សម្រាប់ការគាំទ្រឥណ្ឌូណេស៉ីលេីដំណើរការការក្លាយជាសមាជិក BRICS ដោយនិយាយថាប្លុកនៃសេដ្ឋកិច្ចទីផ្សារដែលកំពុងរីកចម្រើននេះ​ នឹងមានប្រយោជន៍សម្រាប់ស្ថិរភាពពិភពលោក ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងតំបន់៕