(វ៉ាស៉ីនតោន)៖​ យន្តហោះយោធាអាមេរិកធុន C-17 បានចាប់ផ្តើមដឹកជញ្ជូនជនអន្តោប្រវេសន៍ដែលត្រូវបានឃុំខ្លួន​ ឱ្យចាកចេញពីសហរដ្ឋអាមេរិកហេីយ​ កាលពីថ្ងៃសុក្រសប្តាហ៍នេះ​ តាមបញ្ជាពីលោកប្រធានាធិបតី ដូណាល់​ ត្រាំ ខណៈដែលមន្ទីរបញ្ចកោណ​ រៀបចំបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់ព្រំដែនភាគខាងត្បូង។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី២៥​ ខែមករា​ ឆ្នាំ​ ២០២៥។

មន្ត្រីអាមេរិកម្នាក់​ បានប្រាប់​ Reuters ថាយន្តហោះយោធាអាមេរិកពីរគ្រឿង ដែលនីមួយៗផ្ទុកជនអន្តោប្រវេសន៍ប្រហែល ៨០នាក់ បានហោះចេញពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសហ្គាតេម៉ាឡា។​ នេះ​គឺជា​លើក​ដំបូង​​ដែល​យន្តហោះ​យោធា​អាមេរិក​ត្រូវ​បាន​ប្រើ​ប្រាស់​ សម្រាប់ការនិរទេសជន​អន្តោប្រវេសន៍។​ យោធាអាមេរិកនឹងផ្តល់ជើងហោះហើរ​ សម្រាប់ការនិរទេសជនអន្តោរប្រវេសន៍ជាង ៥​ ០០០នាក់ដែលគ្រប់គ្រងដោយអាជ្ញាធរសហរដ្ឋអាមេរិកនៅទីក្រុង​ El Paso រដ្ឋតិចសាស់​ និងទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា។

លោក ត្រាំ នៅក្នុងថ្ងៃដំបូងរបស់លោកក្នុងការិយាល័យប្រធាធិបតី​ បានប្រកាសចាត់ទុកបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ជារឿងអាសន្នសម្រាប់ជាតិ ដោយប្រគល់ភារកិច្ចឱ្យយោធាអាមេរិកចុះជួយការងារសន្តិសុខតាមព្រំដែន ដាក់ចេញនូវបម្រាមទូលំទូលាយលើសិទ្ធិជ្រកកោន និងចាត់វិធានការរឹតបន្តឹងសញ្ជាតិសម្រាប់ក្មេងដែលកើតនៅលើទឹកដីអាមេរិក។

បទបញ្ជាប្រតិបត្តិថ្ងៃទី២០​ ខែមករារបស់លោក​ ក៏បានណែនាំដល់មន្ទីរបញ្ចកោណឱ្យបញ្ជូនទាហាន​ ឱ្យបានច្រើនតាមចាំបាច់​ ដើម្បីគ្រប់គ្រងប្រតិបត្តិការបានពេញលេញ​ នៅព្រំដែនភាគខាងត្បូងនៃសហរដ្ឋអាមេរិក៕