(LAS VEGAS)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ទី២៥ ខែមករា បាននិយាយថាលោកអាចនឹងពិចារណាត្រឡប់ចូលរួមជាមួយអង្គការសុខភាពពិភពលោក WHO ឡើងវិញ ប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានបញ្ជាឱ្យសហរដ្ឋអាមេរិកដកខ្លួនចេញពីទីភ្នាក់ងារសុខាភិបាលសកលមួយនេះ ដោយចោទថាគ្មានសមត្ថភាពដោះស្រាយកូវី១៩ និងវិបត្តិសុខាភិបាលសកលដទៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះប្រាប់ក្រុមអ្នកគាំទ្រនៅទីក្រុង Las Vegas។ សហរដ្ឋអាមេរិក មកទល់បច្ចុប្បន្នគឺជាម្ចាស់ជំនួយធំបំផុតរបស់ WHO ជាមួយការចូលរួម វិភាគទាន ១៨ភាគរយនៃវិភាគទានបង់ដោយសមាជិកទាំងអស់ ហើយកញ្ចប់ថវិការបស់ WHO សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ គឺមានទំហំ ៦.៨ពាន់លានដុល្លារ។ លោក ត្រាំ បានប្រាប់ក្រុមអ្នកគាំទ្រថាលោកមិនសប្បាយចិត្តទាល់តែសោះ ដែលសហរដ្ឋអាមេរិកត្រូវបង់វិភាគទានឱ្យ WHO ច្រើនជាងចិន ដែលមានប្រជាជនដ៏ច្រើន។ ប៉ុន្តែ ដោយមិនបានបញ្ជាក់ឱ្យ ច្បាស់ លោក ត្រាំ បាននិយាយថាសហរដ្ឋអាមេរិកអាចនឹងពិចារណាត្រឡប់ចូលរួមជាមួយអង្គការសុខភាពពិភពលោក WHO ឡើងវិញ។ «ប្រហែលជាយើងអាចនឹងពិចារណាធ្វើវាជាថ្មី ម្ដងទៀត។ ខ្ញុំមិនច្បាស់ទេ តែយើងប្រហែលជាអាចនឹងពិចារណាឡើងវិញ»។ នេះជាការកត់សម្គាល់របស់លោក ត្រាំ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គ្រោងនឹងចាកចេញពី WHO នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីលោក ត្រាំ បានប្រកាសដកសហរដ្ឋអាមេរិកចេញកាលពីថ្ងៃចន្ទដើមសប្ដាហ៍ កន្លងទៅនេះ បន្ទាប់ពីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២ របស់លោក៕