(កូប៉ិនហាក)៖ ប្រទេសដាណឺម៉ាក បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា នឹងចំណាយថវិកា ២.០៥ពាន់លានដុល្លារ ដើម្បីបង្កើនវត្តមានយោធារបស់ខ្លួន នៅក្នុងតំបន់អាក់ទិក បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បង្ហាញចំណាប់អារម្មណ៍ ក្នុងការគ្រប់គ្រងកោះ Greenland ដែលជាដែនដីពាក់កណ្តាលស្វយ័ត របស់ដាណឺម៉ាក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ ២០២៥។

ក្នុងខែនេះ លោក ត្រាំ បាននិយាយថា Greenland មានសារៈសំខាន់ចំពោះសន្តិសុខអាមេរិក ហើយដាណឺម៉ាក ត្រូវតែបោះបង់ការគ្រប់គ្រងកោះដ៏សំខាន់ជាយុទ្ធសាស្ត្រ ក្នុងតំបន់អាទិកមួយនេះ។ ក្រោយកាត់បន្ថយការចំណាយលើវិស័យការពារជាតិ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយនោះ កាលពីឆ្នាំមុន ដាណឺម៉ាក បានបែងចែកថវិកាចំនួន ២៦ពាន់លានដុល្លារ ឱ្យដល់យោធារបស់ខ្លួន សម្រាប់រយៈពេល ១០ឆ្នាំ ហើយផ្នែកមួយត្រូវបែងចែកទៅតំបន់អាក់ទិក។

រដ្ឋមន្ត្រីការពារជាតិលោក Troels Lund Poulsen បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា កិច្ចព្រមព្រៀងមួយនឹងរួមបញ្ចូលទាំងការផ្តល់មូលនិធិ ដល់នាវាកងទ័ពជើងទឹកអាកទិកថ្មីចំនួន ៣ បង្កើនទ្វេដងនូវយន្តហោះគ្មានដ្រូនឃ្លាំមើលរយៈចម្ងាយឆ្ងាយ ឱ្យដល់ចំនួន ៤គ្រឿង ក៏ដូចជាផ្កាយរណបស៉ើបការណ៍ផងដែរ។

គួរបញ្ជាក់ថា ខណៈដែលត្រូវការពារ Greenland ផងនោះ ដាណឺម៉ាក បានកំណត់កម្រិតសមត្ថភាពយោធា នៅលើកោះដ៏ធំមួយនេះ។ បច្ចុប្បន្ន សមត្ថភាពយោធាដាណឺម៉ាក រួមមាន នាវាត្រួតពិនិត្យចាស់ៗ ៤គ្រឿង យន្តហោះឈ្លបយកការណ៍ Challenger មួយគ្រឿង និងសុនខល្បាត ១២ក្បាលប៉ុណ្ណោះ៕