(វ៉ាស៉ីនតោន)៖ នាថ្ងៃសុក្រ ទី៣១ ខែមករានេះ ប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍ចូលរួមរំលែកទុក្ខ ចំពោះគ្រោះថ្នាក់ផ្លូវអាកាសដ៏សាហាវនៅក្បែរអាកាសយានដ្ឋានទីក្រុងវ៉ាស៉ីនតោន របស់សហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមនុស្ស ៦៧នាក់ស្លាប់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យន្ដហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន PSA Airlines បានបុកគ្នានៅកណ្ដាលអាកាស កាលពីយប់ថ្ងៃពុធ ទី២៩ ខែមករា (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ជាមួយឧទ្ធម្ភាគចក្រយោធាអាមេរិក Black Hawk ហើយបានធ្លាក់ចូលទន្លេ Potomac ស្ថិតនៅក្បែរអាកាសយានដ្ឋាន នៅពេលហោះជិតទៅដល់អាកាសយានដ្ឋាន Reagan National Airport។
PSA Airlines ដែលធ្វើប្រតិបត្តិការជើងហោះហើរលេខ ៥៣៤២ សម្រាប់ក្រុមហ៊ុន American Airlines គឺបាន ហោះចាកចេញពីទីក្រុង Wichita រដ្ឋ Kansas។ តាម American Airlines យន្ដហោះនេះមានផ្ទុកអ្នកដំណើរ៦០នាក់ និងក្រុមការងារនៅលើយន្ដហោះ៤នាក់ រីឯយោធាអាមេរិកអះអាងថាមានទាហាន ៣នាក់ ជិះនៅលើឧទ្ធម្ភាគចក្រ Black Hawk។
មិនមានអ្នកនៅរស់នោះទេ ក្រោយឧបទ្ទវហេតុដ៏រន្ធត់នេះ។ បេីតាមក្រសួងការបរទេសចិន នៅក្នុងសារលិខិតរំលែកទុក្ខ ពលរដ្ឋចិនពីរនាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ ហើយចិនកំពុងផ្តល់ជំនួយដល់សាច់ញាតិរបស់ពួកគេ។
គួរបញ្ជាក់ថា នេះជាគ្រោះមហន្តរាយផ្លូវអាកាសរបស់សហរដ្ឋអាមេរិក ដែលមានមនុស្សស្លាប់ច្រេីនបំផុតក្នុងរយៈពេលជាង ២០ឆ្នាំ។ ក្រៅពីចិន អ្នកស្លាប់ក៏មានជនជាតិរុស្ស៉ី ហ្វីលីពីន និងអាល្លឺម៉ង់ផងដែរ៕