(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ាណាម៉ា អែលសាល់វ៉ាឌ័រ កូស្តារីកា ហ្គាតេម៉ាឡា និងសាធារណរដ្ឋដូមីនីកែន ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៦ ខែកុម្ភៈ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រនេះ ដែលត្រូវបានចុះផ្សាយដោយ Reuters។
សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់លើផលប្រយោជន៍រួម ដូចជាការទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់និងទ្រង់ទ្រាយធំ ការប្រយុទ្ធប្រឆាំងនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែន និងអ្នកជួញដូរគ្រឿងញៀន ក៏ដូចជាការប្រឆាំងនឹងឥទ្ធិពលរបស់ប្រទេសចិន៕