(PANAMA CITY)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ បានព្រមានប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino ថាសហរដ្ឋអាមេរិកនឹងចាត់វិធានការចាំបាច់ ប្រសិនបើប៉ាណាម៉ា មិនព្រមធ្វើសកម្មភាពបិទបញ្ចប់ជាបន្ទាន់នូវអ្វីដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ មើលឃើញថាឥទ្ធិពល និងការគ្រប់គ្រងរបស់ចិនលើព្រែកជីកប៉ាណាម៉ា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាលោក Rubio បានបញ្ជូនសារមួយរបស់លោក ត្រាំ ដែលថាវត្តមានរបស់ចិនតាមរយៈក្រុមហ៊ុនមួយ ចុះបញ្ជីក្នុងទីក្រុងហុងកុង ដែលកំពុងធ្វើប្រតិបត្តិការលើកំពង់ផែចំនួន២ នៅក្បែរព្រែកជីកប៉ាណាម៉ា នោះគឺជាការគំរាមកំហែងដល់ផ្លូវទឹក និងបានរំលោភបំពានលើសន្ធិសញ្ញារវាងសហរដ្ឋអាមេរិក និងប៉ាណាម៉ា។ «លោករដ្ឋមន្ត្រីការបរទេស Rubio បានបញ្ជាក់ច្បាស់ៗថាស្ថានភាពដូចសព្វថ្ងៃគឺមិនអាចទទួលយកបានឡើយ ហើយប្រសិនបើមិនមានការផ្លាស់ប្ដូរទេ នោះវានឹងតម្រូវឱ្យសហរដ្ឋអាមេរិកត្រូវតែចាត់វិធានការចាំបាច់ នានា ដើម្បីការពារសិទ្ធិរបស់ខ្លួនក្រោមសន្ធិសញ្ញា»។ នេះជាការគូសបញ្ជាក់របស់លោកស្រី Bruce ដោយមិនបានបញ្ជាក់ថាតើសហរដ្ឋអាមេរិកនឹងចាត់វិធានការ ឬក៏សងសឹកបែបណា នោះទេ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានគំរាមថានឹងដណ្ដើមគ្រប់គ្រងព្រែកជីកប៉ាណាម៉ាឡើងវិញ ដោយសំអាងថាចិនកំពុងគ្រប់គ្រងលើព្រែកជីកនេះដែលត្រូវបានសហរដ្ឋអាមេរិកកសាងនៅដើមស.វទី២០ និងបាន ប្រគល់ឱ្យប៉ាណាម៉ាគ្រប់គ្រងនៅឆ្នាំ១៩៩៩។ ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino បានច្រានចោលការអះអាងបែបនេះ។ ប៉ុន្តែ នៅក្រោយជំនួបជាមួយលោក Rubio ក្នុងទីក្រុង Panama City លោក Mulino បានបង្ហាញសញ្ញាថារូបលោកនឹងពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងដែលមានពាក់ព័ន្ធជាមួយចិន រួមទាំងក្រុមហ៊ុនចិន ហើយបានប្រកាសពីការធ្វើកិច្ចសហប្រតិបតិ្តការជាមួយសហរដ្ឋអាមេរិក ស្ដីពី ជនអន្តោប្រវេសន៍។ យ៉ាងណាក៏ដោយ លោក Mulino នៅតែបញ្ជាក់ឡើងវិញពីអធិបតេយ្យរបស់ប៉ាណាម៉ាលើព្រែកជីកប៉ាណាម៉ា ដែលជាផ្លូវទឹកដ៏មមាញឹកខ្លាំងបំផុតទី២នៅលើពិភពលោក៕