(ប៉េកាំង)៖ នៅថ្ងៃអង្គារនេះ ចិនបានប្រកាសអំពីការដំឡើងពន្ធលើសហរដ្ឋអាមេរិក ដែលជាវិធានការសងសឹកចំពោះការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ ប្រឆាំងនឹងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ចិននឹងយកពន្ធក្នុងអត្រា១៥ភាគរយ ទៅលើធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ LNG ដែលនាំចូលពីសហរដ្ឋអាមេរិក ព្រមទាំង១០ភាគរយលើប្រេងឆៅ គ្រឿងម៉ាស៉ីនកសិកម្ម យានយន្តដែលប្រើកម្លាំងម៉ាស៉ីនធំៗ និងរថយន្តប្រភេទ pickup របស់អាមេរិក។ បើតាមក្រសួងពាណិជ្ជកម្មចិន ការដំឡើងពន្ធនេះ នឹងត្រូវអនុវត្ត ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយ។
គួរបញ្ជាក់ថា ចំណាត់ការសងសឹកខាងលើរបស់ទីក្រុងប៉េកាំង ធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីចុងសប្តាហ៍មុន បានប្រកាសដំឡើងពន្ធបន្ថែម ១០ភាគរយទៀត មកលើទំនិញនាំចូលគ្រប់ប្រភេទពីចិន ដែលត្រូវបានចាប់ផ្តើមអនុវត្តនៅថ្ងៃអង្គារនេះ និងជាទង្វើដែលក្រសួងពាណិជ្ជកម្មចិន បានរិះគន់ថា បំពានយ៉ាងធ្ងន់ធ្ងរលើក្បួនច្បាប់ របស់អង្គការពាណិជ្ជកម្មពិភពលោក WTO៕