(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធ ទី៥ ខែកុម្ភៈ បាននិយាយថានាវារបស់រដ្ឋាភិបាលអាមេរិក ចាប់ពីពេលនេះតទៅ អាចធ្វើដំណើរឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដោយមិនបាច់បង់ថ្លៃសេវា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ក្រសួងការបរទេសអាមេរិក បានឱ្យដឹងដូច្នេះថា «រដ្ឋាភិបាលប៉ាណាម៉ាបានយល់ព្រមលែងគិតថ្លៃសេវាលើនាវារបស់រដ្ឋាភិបាលអាមេរិក ដែលធ្វើដំណើរឆ្លងកាត់ព្រែកជីកប៉ាណាម៉ា»។ ក្រសួងបន្តថាកិច្ចព្រមព្រៀងនេះនឹងជួយឱ្យសហរដ្ឋអាមេរិកអាចសន្សំសំច្ចៃប្រាក់រាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ ប៉ុន្តែ ភ្លាមៗខាងអាជ្ញាធរ ព្រែកជីកប៉ាណាម៉ា មិនទាន់ធ្វើអត្ថាធិប្បាយអ្វី ជុំវិញការអះអាងរបស់ក្រសួងការបទេសអាមេរិកនោះទេ។

គួរបញ្ជាក់ថា ការប្រកាសខាងលើរបស់ក្រសួងការបរទេសអាមេរិក ធ្វើឡើងក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបជាមួយប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន នាឱកាសធ្វើទស្សនកិច្ចទៅកាន់ប៉ាណាម៉ា។ ប៉ាណាម៉ា បានក្លាយជាផ្ទាំងស៊ីបមួយរបស់រដ្ឋបាលលោក ត្រាំ ខណៈលោកប្រធានាធិបតី ត្រាំ បានចោទ ប្រទេសក្នុងតំបន់អាមេរិកកណ្ដាលមួយនេះថាបានយកថ្លៃសេវាជ្រុលហួសហេតុពីនាវារបស់សហរដ្ឋអាមេរិក ដែលធ្វើដំណើរឆ្លងកាត់ព្រែកជីកប៉ាណាម៉ា។

លើសពីនេះទៅទៀត លោក ត្រាំ ក៏បានចោទផងដែរថាចិនកំពុងគ្រប់គ្រងលើព្រែកជីកនេះ ហើយថានឹងដណ្ដើមយកព្រែកជីកប៉ាណាម៉ាមកគ្រប់គ្រងវិញ ប្រសិនបើរដ្ឋាភិបាលប៉ាណាម៉ា មិនចាត់វិធានការដោះស្រាយបញ្ហាដែលលោកបានលើកឡើងទេនោះ៕