(អាថែន)៖ ប្រទេសក្រិក បានប្រកាសអាសន្ននៅតំបន់ទេសចរណ៍ Santorini ក្រោយការរញ្ជួយដីបន្តបន្ទាប់បានអង្រួនកោះដ៏ពេញនិយមមួយនេះ និងជំរុញឱ្យមានការជម្លៀសអ្នកស្រុក និងកម្មករជាង ១០ ០០០នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ ២០២៥។

ចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៏មុន ការរញ្ជួយស្ទើរតែឥតឈប់ឈរ ត្រូវបានកត់ត្រានៅក្នុងសមុទ្ររវាងកោះ Santorini និងកោះ Amorgos ដែលមានកម្រិតខ្លាំងបំផុតមួយគឺ ៥.២រ៉ិចទ័រ កាលពីយប់ថ្ងៃពុធ។ នាថ្ងៃដដែលនោះ អាជ្ញាធរបានព្រមាន ពីហានិភ័យខ្ពស់នៃការរអិលបាក់ដីនៅផ្នែកខ្លះ ហើយសាលារៀនក៏ត្រូវបានបិទជាបណ្តោះអាសន្ន និងដាក់ពង្រាយក្រុមជួយសង្គ្រោះ។ អ្នកស្រុកត្រូវបានណែនាំឱ្យចៀសសវាងទៅកាន់កំពង់ផែ ហើយត្រូវស្នាក់នៅក្នុងផ្ទះ។ បើតាមក្រសួងដោះស្រាយវិបត្តិអាកាសធាតុ និងការពារជនស៉ីវិល ការប្រកាសអាសន្ននឹងបន្តរហូតដល់ថ្ងៃទី៣ ខែមីនា ដើម្បីឱ្យមានការឆ្លើយតបចំពោះតម្រូវការរបស់ប្រជាជន។

គួរបញ្ជាក់ថា ក្រិក ជាប្រទេសមួយដែលងាយនឹងរញ្ជួយដីបំផុតរបស់អឺរ៉ុប ប៉ុន្តែអ្នកស្រាវជ្រាវផ្នែករញ្ជួយដីនិយាយថា ការរញ្ជួយដីលើកនេះគឺមានកម្រិតខ្លាំងមិនធ្លាប់មានពីមុនមក ហើយអាចមានរយៈពេលជាច្រើនសប្តាហ៍ ឬច្រើនខែ។ Santorini បង្កើតជារូបរាងបានដូចបច្ចុប្បន្ន ក្រោយបន្ទុះភ្នំភ្លើងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ប្រហែលឆ្នាំ ១ ៦០០មុនគ្រិស្តសករាជ៕