(​ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈថាលោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ជូនកងទ័ពអង់គ្លេសទៅកាន់អ៊ុយក្រែន ជាផ្នែកមួយនៃកងកម្លាំងរក្សាសន្តិភាពក្រោយសង្រ្គាមបិទបញ្ចប់ ខណៈរូបលោកកំពុងព្យាយាមបង្ហាញសហរដ្ឋអាមេរិកថាប្រជាជាតិអឺរ៉ុបគួរតែមានតួនាទីមួយនៅក្នុងកិច្ចចរចាដើម្បីបញ្ចប់ ជម្លោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមលោក Starmer ការធានាឱ្យបាននូវសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន គឺជារឿងចាំបាច់បំផុត សំដៅកំញើញកុំឱ្យលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បើកការឈ្លានពានជាថ្មី នៅពេលអនាគត។​ ក្នុងអត្ថបទមួយចុះផ្សាយដោយកាសែត Daily Telegraph លោកនាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ជាក់ទៀតថាការបញ្ចប់សង្រ្គាមរបស់រុស្ស៉ីជាមួយអ៊ុយក្រែន មិនមែន បណ្ដោះអាសន្ន ហើយទុកឱកាសឱ្យលោក ពូទីន បើកការវាយប្រហារសាជាថ្មីនោះទេ។

ការអត្ថាធិប្បាយរបស់លោក Starmer គឺជាលើកដំបូងបំផុតដែលរូបលោកបាននិយាយចំៗថានឹងពិចារណាបញ្ជូនកងកម្លាំងរក្សាសន្តិភាពអង់គ្លេសទៅកាន់អ៊ុយក្រែន ដោយកន្លងមក លោកធ្លាប់បាននិយាយថាអង់គ្លេសមានឆន្ទៈដើរតួនាទីជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាព។

គួរបញ្ជាក់ថា លោក Starmer ត្រូវបានរំពឹងថានឹងចូលរួមជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រមុខ NATO លោក Mark Rutte នាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Giorgia Meloni ព្រមទាំងមេដឹកនាំផ្សេងទៀត នៅឯកិច្ចប្រជុំបន្ទាន់មួយក្នុងទីក្រុងប៉ារីសនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រោយប្រធានាធិបតីបារាំង លោក Emmanuel Macron កោះប្រជុំ៕