(ប៉េកាំង)៖ យោធាចិន នៅថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ បានថ្កោលទោសការធ្វើដំណើរឆ្លងកាត់របស់នាវាចម្បាំងកាណាដាមួយគ្រឿងនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ជាមួយការបញ្ជាក់ថាកងកម្លាំង ជើងអាកាស និងកងទ័ពជើងទឹករបស់ខ្លួនបានតាមដាន និងព្រមាននាវាចម្បាំងនោះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយនាវាចម្បាំងអាមេរិកមួយគ្រឿងក៏បានដឹកនាំបេសកកម្មដូចគ្នានេះដែរ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នាវាចម្បាំងអាមេរិក និងម្ដងម្កាលនាវាចម្បាំងមកពីប្រទេសជាសម្ព័ន្ធមិត្តអាមេរិកដូចជាកាណាដា អង់គ្លេស និងបារាំង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់យ៉ាងហោច ម្ដងក្នុងមួយខែ ដែល ធ្វើឱ្យចិនដែលចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួនក្ដៅក្រហាយជារឿយៗ។ ក្នុងសេចក្ដីថ្លែងការណ៍មួយ បញ្ជាការដ្ឋានភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន PLA បាននិយាយថាសកម្មភាព របស់កាណាដា មានចេតនាបង្កភាពចលាចល និងបានបំផ្លាញសន្តិភាព ក៏ដូចជាស្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា «កងកម្លាំងនៃបញ្ជាការដ្ឋាន ភូមិភាគខាងកើតបានរក្សាការប្រុងជើងការខ្ពស់គ្រប់ពេលវេលា និងដើម្បីទប់ទល់ដាច់ខាតចំពោះរាលការគំរាមកំហែង និងទង្វើបង្ករឿងទាំងឡាយ»។
គួរបញ្ជាក់ថា យោធាកាណាដា មិនបានធ្វើអត្ថាធិប្បាយអ្វីទេ។ ប៉ុន្តែ ទាំងរដ្ឋាភិបាលចិន និងតៃវ៉ាន់បានបញ្ជាក់ថានាវាចម្បាំងខាងលើដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ គឺជានាវារបស់ កាណាដា៕