(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថាអ៊ុយក្រែន និងអឺរ៉ុប នឹងមានកៅអីអង្គុយនៅឯតុចរចាពិតប្រាកដមួយ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ជាមួយ ការសង្កត់ធ្ងន់ថាកិច្ចសន្ទនារបស់សហរដ្ឋអាមេរិកជាមួយរុស្ស៉ីកាលពីពេលថ្មីៗនេះគឺជាឱកាសមួយដើម្បីបង្ហាញថាតើលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន មានភាពប្រាកដប្រជាកម្រិតណាចំពោះ សន្តិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការអត្ថាធិប្បាយបែបនេះរបស់លោក Rubio កើតមានឡើងក្រោយបេសកជនទទួលបន្ទុកបញ្ហាអ៊ុយក្រែនរបស់ប្រធានាធិបតីអាមេរិក កាលពីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ បាននិយាយថា អឺរ៉ុបនឹងមិនមាន កៅអីអង្គុយ នៅតុចរចាសន្តិភាពអ៊ុយក្រែនឡើយ បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានបញ្ជូនកម្រងសំណួរទៅកាន់បណ្តាប្រទេសអឺរ៉ុប ដើម្បីសាកសួរថា តើពួកគេអាចចូលរួមចំណែកអ្វីខ្លះ ក្នុងការធានា សន្តិសុខសម្រាប់ទីក្រុងកៀវ។ ប៉ុន្តែ ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Meet the Press របស់ទូរទស្សន៍ CBS លោក Rubio បានព្យាយាមបន្សាបការព្រួយបារម្ភរបស់អឺរ៉ុបដែលត្រូវបានផាត់ចេញពី កិច្ចចរចាដំបូងរវាងសហរដ្ឋអាមេរិក និងរុស្ស៉ីដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងពេលឆាប់ៗ។
លោក Rubio បាននិយាយថាដំណើរការកិច្ចចរចាពិតប្រាកដមិនទាន់ចាប់ផ្ដើមនៅឡើយទេ ហើយប្រសិនបើមានភាពរីកចម្រើន អ៊ុយក្រែន និងអឺរ៉ុបនឹងមានវត្តមាននៅឯកិច្ចចរចាដែរ។ លោក ប្រមុខការទូតអាមេរិកបានបន្តថា «លោកប្រធានាធិបតី ត្រាំ បានសន្ទនាជាមួយលោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្ដាហ៍មុន ហើយក្នុងកិច្ចសន្ទនានោះ លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញចំណាប់អារម្មណ៍ របស់លោកចំពោះសន្តិភាព រីឯលោកប្រធានាធិបតី ត្រាំ បានបង្ហាញពីបំណងប្រាថ្នារបស់លោកដែលចង់ឃើញជម្លោះនេះបិទបញ្ចប់តាមមធ្យោបាយមួយ ដែលធានា និងការពារអធិបតេយ្យរបស់ អ៊ុយក្រែន»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ដែលបានសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន កាលពីថ្ងៃពុធសប្ដាហ៍មុន បាននិយាយថាមេដឹកនាំរុស្ស៉ីរូបនេះចង់បានសន្តិភាព ហើយកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ លោក ត្រំា បន្តលើកឡើងថាលោកផ្ទាល់ជឿជាក់ថាលោក ពូទីន នឹងមិនព្យាយាម ឬក៏ចង់គ្រប់គ្រងអ៊ុយក្រែនទាំងមូលនោះទេ៕