(ប៉ារីស)៖ បណ្តាមេដឹកនាំអឺរ៉ុប ដែលជួបប្រជុំក្នុងទីក្រុងប៉ារីសកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានអំពាវនាវឱ្យមានការចំណាយច្រើនជាងមុន ដើម្បីបង្កើនសមត្ថភាពការពារតំបន់ ប៉ុន្តែមានមតិយោបល់ខុសៗគ្នា ជុំវិញការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពទៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៥។

មុនកិច្ចប្រជុំ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបង្ហាញឆន្ទៈ បញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅអ៊ុយក្រែន ប៉ុន្តែក្រោយមកនិយាយថា ត្រូវមានការប្តេជ្ញាចិត្តធានាសន្តិសុខពីសំណាក់សហរដ្ឋអាមេរិក ទើបអាចធ្វើបែបនោះបាន។ ចំណែក អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និយាយថា មិនអាចមានកិច្ចព្រមព្រៀងសន្តិភាពទេ បើគ្មានការយល់ព្រមពីអ៊ុយក្រែន ហើយបេសកកម្មរក្សាសន្តិភាពរបស់អាល្លឺម៉ង់នៅអ៊ុយក្រែន គឺមិនសមស្របទេ ដរាបណាគ្មានកិច្ចព្រមព្រៀងសន្តិភាព។

លោក Scholz និងនាយករដ្ឋមន្រ្តីប៉ូឡូញ លោក Donald Tusk មានយោបល់ដូចគ្នាថា ច្បាប់សារពើពន្ធដ៏តឹងរ៉ឹងរបស់ EU គួរតែត្រូវបានបន្ធូរបន្ថយ ដើម្បីអនុញ្ញាតប្រទេសនានាបង្កើនការចំណាយ លើវិស័យការពារជាតិរបស់ខ្លួន ដោយមិនបំពានលើច្បាប់ឱនភាពរបស់ EU។ រីឯនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយថា លោកស្រីបើកចំហរក្នុងការពិភាក្សាអំពីការដាក់ពង្រាយកងកម្លាំង ហើយអឺរ៉ុបត្រូវតែជំរុញការគាំទ្រចំពោះអ៊ុយក្រែន និងបង្កើនការចំណាយលើវិស័យការពារជាតិ។

ដោយឡែក ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីតាលី បានឱ្យដឹងថា លោកស្រី Giorgia Meloni បាននិយាយថា ការដាក់ពង្រាយកងកម្លាំងអ៊ឺរ៉ុបនៅអ៊ុយក្រែន ហាក់ដូចជាស្មុគស្មាញ និងមានភាគរយតិចបំផុតសម្រាប់អ៉ីតាលី។

គួរបញ្ជាក់ថា កិច្ចប្រជុំនៅទីក្រុងប៉ារីស ត្រូវបានកោះអញ្ជើញដោយប្រធានាធិបតីបារាំង លោក Emmanuel Macron បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រៀបចំកិច្ចចរចាបញ្ចប់សង្រ្គាមជាមួយភាគីរុស្ស៉ី នៅអារ៉ាប៊ីសាអូឌីត ដោយមិនហៅសម្ព័ន្ធមិត្តអឺរ៉ុប និងអ៊ុយក្រែនផ្ទាល់ឱ្យចូលរួម៕