(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ បានប្រកាសថា សហរដ្ឋអាមេរិក បានសម្រេចចិត្តកាត់បន្ថយសឹងតែទាំងអស់ នូវកម្មវិធីជំនួយនិងអភវិឌ្ឍន៍បរទេសទាំងឡាយរបស់ទីភ្នាក់ងារ USAID ដោយកិច្ចសន្យានានា នឹងត្រូវកាត់ចោលរហូតដល់៩២ភាគរយ ឬស្មើនឹងថវិកាចំនួន ៥៤ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera។
ក្រោយស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២០ ខែមករា លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិ បង្គាប់ឱ្យបង្កកជំនួយទៅបរទេសទាំងអស់ របស់សហរដ្ឋអាមេរិក សម្រាប់រយៈពេល៩០ថ្ងៃ ហើយអំឡុងចន្លោះពេលនោះ រដ្ឋបាលរបស់លោក នឹងធ្វើការត្រួតពិនិត្យមើល ដើម្បីកាត់បន្ថយការចំណាយទៅលើកម្មវិធីណា ដែលមិនស្របតាមគោនយោបាយ America First របស់លោក ត្រាំ។
ក្រសួងការបរទេសអាមេរិក បាននិយាយថា ក្រោយដំណើរការត្រួតពិនិត្យ កិច្ចសន្យារយៈពេលច្រើនឆ្នាំ ស្តីពីជំនួយបរទេសចំនួន ៥៨០០កុងត្រា ក្នុងចំណោមកិច្ចសន្យាសរុបចំនួន៦២០០ របស់ទីភ្នាក់ងារផ្តល់ជំនួយអាមេរិក USAID ត្រូវបានកំំណត់កាត់ចោល ដែលស្មើនឹងទឹកប្រាក់៥៤ពាន់លានដុល្លារ។ ជាមួយមួយគ្នានេះ កិច្ចសន្យាចំនួន ៤១០០កុងត្រា ក្នុងចំណោមកិច្ចសន្យា ៩១០០កុងត្រា ស្តីពីជំនួយបរទេសរបស់ក្រសួងការបរទេស ក៏នឹងត្រូវលុបចោលផងដែរ ស្មើនឹងទឹកប្រាក់៤.៤ពាន់លានដុល្លារ។
គួរបញ្ជាក់ថា សម្រាប់កម្មវិធីដែលមិនត្រូវបានកាត់ចោល រួមមានដូចជាជំនួយស្បៀងអាហារ, ការព្យាបាលសំខាន់ៗដើម្បីសង្រ្គោះជីវិត សម្រាប់ជំងឺដូចជាអេដស៍ និងគ្រុនចាញ់ ព្រមទាំងការគាំទ្រសម្រាប់ប្រទេសមួយចំនួន ដូចជាហៃទី គុយបា វ៉េណេស៊ុយអេឡា និងលីបង់ ក្នុងចំណោមផ្សេងៗទៀត៕