(ម៉ានីល)៖ ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះបាន​អះអាង​ថា កិច្ចព្រមព្រៀង​ការពារ​ជាតិ​រវាង​ប្រទេស​ទាំងពីរ ​នៅ​តែ​រឹងមាំ​ដដែល ទោះបីជា​មានការ​ផ្លាស់​ប្ដូរ​រដ្ឋបាល​នៅ​សហរដ្ឋអាមេរិក​ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែង​ក្នុង​វេទិកា​សារព័ត៌មាន ​នៅ​ទីក្រុង​ម៉ានីល​នៅ​ថ្ងៃ​ចន្ទ លោក Jose Manuel Romualdez ​បាន​បញ្ជាក់​ថា «អ្វីៗ​ទាំងអស់​នឹង​នៅ​តែ​មាន» សំដៅ​លើ​ការ​គាំទ្រ​ផ្នែក​សន្តិសុខ​របស់​អាមេរិក​ដល់​ហ្វីលីពីន រាប់​ចាប់ពី​ហិរញ្ញប្បទាន​យោធា ការ​ល្បាត​នៅ​សមុទ្រ​ចិន​ខាងត្បូង រហូតដល់​ការ​ប្រើប្រាស់​ទីតាំង​យោធា​ហ្វីលីពីន​ដោយ​កងកម្លាំង​អាមេរិក។

លោក Romualdez ក៏បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ ចំពោះ​ការ​បន្ត​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី​សហរដ្ឋអាមេរិក ដោយ​លើកឡើង​ពី​ការ​បញ្ចេញ​ថវិកា ៥.៣ ពាន់​លាន​ដុល្លារ​ដែល​ជាប់​គាំង​ពីមុន ក្នុង​នោះ​មាន ៣៣៦ លាន​ដុល្លារ​សម្រាប់​ធ្វើ​ទំនើបកម្ម​កងកម្លាំង​សន្តិសុខ​ហ្វីលីពីន។ លោក​សង្ឃឹម​ថា​នឹង​មាន​ថវិកា​បន្ថែម​ទៀត​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ដើម្បី​ជួយ​ហ្វីលីពីន​ឲ្យ​ក្លាយជា​ដៃគូ​ដ៏​រឹងមាំ​របស់​សហរដ្ឋអាមេរិក។

បន្ថែម​ពីលើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យោធា លោក​ឯកអគ្គរដ្ឋទូត​ក៏បាន​លើកឡើង​ពី​លទ្ធភាព​នៃ​ការ​នាំចូល​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) ពី​សហរដ្ឋអាមេរិក ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​ «ឱ្យ​និង​ទទួល» ផងដែរ។

ទន្ទឹម​នឹង​នេះ មន្ត្រី​ហិរញ្ញវត្ថុ​ហ្វីលីពីន​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ហ្វីលីពីនកំពុង​ស្វែងរក​ប្រភព​ហិរញ្ញប្បទាន​ជំនួស​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំនួន ២៩ ដែល​មាន​តម្លៃ​ជាង ៦០០ លាន​ដុល្លារ ដែល​អាច​នឹង​រង​ផល​ប៉ះពាល់​ដោយសារ​ការ​បង្កក​មូលនិធិ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID)៕