(វ៉ាស៊ីនតោន)៖ បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក Steve Witkoff មានគម្រោងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន។ នេះបើតាមមន្ត្រីអាមេរិកម្នាក់ដែលបានដឹងពីគម្រោងធ្វើទស្សនកិច្ចនេះ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Steve Witkoff ដែលជាបេសកជនទទួលបន្ទុកកិច្ចតំបន់មជ្ឈិមបូព៌ាម្នាក់របស់លោក ត្រាំ ក៏បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងកិច្ចប្រឹងប្រែងស្វែងរក កិច្ចព្រមព្រៀងសន្តិភាព ដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនដែលអូសបន្លាយពេល ៣ឆ្នាំមកនេះ។ មន្ត្រីអាមេរិកម្នាក់ខាងលើដដែល ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាប់សារព័ត៌មាន Bloomberg កាលពីថ្ងៃចន្ទ ទី១០ ខែមីនាថាលោក Witkoff នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ សម្រាប់កិច្ចពិភាក្សាជាមួយលោក ពូទីន តែមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។

លោក ត្រាំ បានបង្ហាញពីបំណងចង់ជួបលោក ពូទីន ហើយចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករាមក លោកបានបន្តកិច្ចប្រឹងប្រែងមួយសំដៅ ផ្សះផ្សាទំនាក់ទំនងជាមួយរុស្ស៉ី ដែលបានធ្លាក់ដល់បាតនៅក្រោមអាណត្តិរបស់អតីតប្រធានាធិបតី លោក ចូ បៃដិន។ លោក Witkoff ក៏ធ្លាប់បានជួបលោក ពូទីន ក្នុងទីក្រុងមូស្គូ ដែរកាលពីខែកុម្ភៈ ដោយនៅពេលនោះលោកបាននាំជនជាតិអាមេរិកម្នាក់ឈ្មោះ Marc Fogel ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ១៤ឆ្នាំ នៅរុស្ស៉ី ត្រឡប់ទៅកាន់ អាមេរិកវិញ បន្ទាប់ពីរូបគេត្រូវបានឃុំខ្លួនពីបទកាន់កាប់កញ្ឆា។​

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានដឹកនាំប្រតិភូអាមេរិក ធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមកិច្ចពិភាក្សានៅថ្ងៃអង្គារ សប្ដាហ៍នេះ ជាមួយក្រុមមន្ត្រីអ៊ុយក្រែនអំពីសង្រ្គាម។ ក្រុមមន្ត្រីអាមេរិកត្រូវបានរាយការណ៍ថានឹងប្រើប្រាស់ជំនួបនេះធ្វើតេស្ដមើលថាតើអ៊ុយក្រែនមានការប្ដេជ្ញាចិត្តកម្រិតណា ក្នុងការផ្ដល់សម្បទានឱ្យរុស្ស៉ី ដើម្បីបិទបញ្ចប់សង្រ្គាម៕