(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទ ទី១០ ខែមីនា បាននិយាយថាការសម្រេចចិត្តរបស់អ៉ីស្រាអែល កាត់ផ្ដាច់ចរន្តអគ្គិសនីទៅកាន់តំបន់ហ្កាហ្សាគឺជារឿងមួយ គួរឱ្យព្រួយបារម្ភ ជាមួយការព្រមានថាជនស៊ីវិលប៉ាឡេស្ទីនក្នុងតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារសង្រ្គាមមួយនេះ អាចនឹងប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
អ៉ីស្រាអែលបានរារាំងការផ្ដល់ជំនួយចូលទៅកាន់តំបន់ហ្កាហ្សា ហើយឥលូវបានសម្រេចចិត្តកាត់ផ្ដាច់ការផ្គត់ផ្គង់ចរន្តអគ្គិសនីរបស់ខ្លួនទៀត ជាការបង្កើនការដាក់សម្ពាធលើក្រុមហាម៉ាស។ ជុំវិញការសម្រេចចិត្តនេះដែរ អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស UN លោក Seif Magango បាននិយាយថា ការសម្រេចចិត្តរបស់អ៉ីស្រាអែលកាត់ផ្ដាច់ចរន្តអគ្គិសនីទៅកាន់តំបន់ ហ្កាហ្សា មួយសប្ដាហ៍ក្រោយរារាំងការផ្ដល់ជំនួយមនុស្សធម៌ និងជំនួយសំខាន់ៗផ្សេងទៀតក្នុងនោះរួមមានឥន្ធនៈដែលចាំបាច់សម្រាប់ដំណើរការម៉ាស៊ីនភ្លើង គឺជារឿងគួរឱ្យបារម្ភ បំផុត។
អ្នកនាំពាក្យរូបនេះបន្តថាដោយមិនមានអគ្គិសនី ហើយការផ្ដល់ឥន្ធនៈត្រូវបានបិទខ្ទប់ រោងចក្រទឹកស្អាត មន្ទីរពេទ្យ និងហាងនំបុ័ងជាច្រើនកំពុងស្ថិតក្នុងគ្រោះថ្នាក់ត្រូវបិទទ្វារ ទាំងស្រុងដែលនេះនឹងបង្កផលវិបាកធ្ងន់ធ្ងរដល់ជនស៊ីវិល។
គួរបញ្ជាក់ថា ក្រុមអ្នកចរចាអ៉ីស្រាអែល បានធ្វើដំណើរទៅកាន់ប្រទេសកាតា កាលពីថ្ងៃចន្ទ ទី១០ ខែមីនា ដើម្បីចូលរួមកិច្ចចរចាសំដៅពន្យារបទឈប់បាញ់ដ៏ផុយស្រួយនៅហ្កាហ្សា។ បទឈប់បាញ់ដំណាក់កាលទី១ បានអស់សុពលភាពកាលពីថ្ងៃទី១ ខែមីនា ដោយមិនទាន់មានការឯកភាពគ្នាណាមួយលើការបន្តបទឈប់បាញ់នៅឡើយទេ៕