(Reuters)៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ហើយ កាលពីថ្ងៃពុធ ទី១២ ខែមីនា បន្ទាប់ពី ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងម៉ានីល ក្រោមបទចោទមនុស្សឃាតពាក់ព័ន្ធនឹងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក ដែលជនសង្ស័យជាអ្នកជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់រាប់ពាន់នាក់ ត្រូវបានសម្លាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

​​ICC នៅក្នុងសេចក្ដីថ្លែងការណ៍មួយបានឱ្យដឹងថាលោក Duterte ត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំងរបស់តុលាការអន្តរជាតិមួយនេះ ក្រោយត្រូវបានចាប់ខ្លួនដោយអាជ្ញាធរហ្វីលីពីន ក្រោមបទចោទ ប្រកាន់មនុស្សឃាត នៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លោក Duterte មានអាយុ៧៩ឆ្នាំ ត្រូវបានបញ្ជូនទៅដល់អាកាសយានដ្ឋាន Rotterdam តាមជើងហោះហើរពិសេសមួយនៅម៉ោងប្រហែលជិត ៥៖០០នាទី ល្ងាច ថ្ងៃពុធ (ម៉ោងក្នុងតំបន់)។ លោកនឹងត្រូវបង្ហាញខ្លួននៅចំពោះមុខចៅក្រម​​ ICC ក្នុងទីក្រុងឡាអេ នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ។

គួរបញ្ជាក់ថា លោក Duterte ដែលបានដឹកនាំហ្វីលីពីន ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ នឹងត្រូវប្រឈមមុខនឹងបទចោទប្រកាន់នៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងសង្រ្គាមប្រឆាំងគ្រឿងញៀន របស់លោក ហើយលោកនឹងក្លាយជាអតីតមេដឹកនាំដំបូងម្នាក់ ក្នុងតំបន់អាស៊ីដែលនឹងត្រូវឡើងសវនាការនៃតុលាការ ICC។ តាមដីកាចាប់ខ្លួនរបស់ ICC លោក Duterte បានបង្កើត និងផ្ដល់មូលនិធិ ដល់មន្ត្រីប្រដាប់អាវុធមួយក្រុមដែលបានសម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់។ ប៉ុន្តែ នៅក្នុងវីដេអូមួយដែលត្រូវបានគេថតអំឡុងត្រូវបានចាប់ខ្លួនក្នុងទីក្រុងម៉ានីល កាលពីថ្ងៃអង្គារ លោក Duterte បានចោទសួរថា «តើអ្វីទៅជាមូលដ្ឋានសម្រាប់ការឃុំខ្លួនរូបខ្ញុំ? តើខ្ញុំបានប្រព្រឹត្តទោសឧក្រិដ្ឋអ្វី?»

បើតាមតួលេខផ្ដល់ដោយប៉ូលិសហ្វីលីពីន នៅក្រោមអាណត្តិដឹកនាំរយៈពេល៦ឆ្នាំរបស់លោក Duterte ជនសង្ស័យ ៦២០០នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក៕