(សេអ៊ូល)៖ ក្រុមអ្នកស៊ើបអង្កេតយោធាកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា បានចោទប្រកាន់ពីឡុតកងទ័ពអាកាស២នាក់ ពីបទធ្វេសប្រហែសនៃទោសព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការច្រឡំទម្លាក់គ្រាប់បែកលើភូមិមួយ កាលពីសប្ដាហ៍មុន អំឡុងសមយុទ្ធហ្វឹកហាត់ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោច ២៩នាក់រងរបួស និងបង្កការខូចខាតទ្រព្យសម្បត្តិមួយចំនួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមអ្នកស៊ើបអង្កេតមកពីក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថាកំហុសដែលប្រព្រឹត្តឡើងដោយពីឡុតទាំង២ នៅពេលពួកគេបានបញ្ចូលកូអរដោនេទៅក្នុងប្រព័ន្ធយន្ដហោះគឺជាកត្តាដោយផ្ទាល់នៅពីក្រោយការទម្លាក់ គ្រាប់បែកដោយចៃដន្យ។ ពីឡុតទាំង២ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែសនៃទោសព្រហ្មទណ្ឌដោយបង្កឱ្យមានអ្នករងរបួស តែការស៊ើបអង្កេតលើឧបទ្ទវហេតុនេះកំពុងបន្តធ្វើឡើងនៅឡើយ។
គួរបញ្ជាក់ថា គ្រាប់បែក៨គ្រាប់ ត្រូវបានបាញ់ចេញពីយន្ដហោះចម្បាំង២គ្រឿងរបស់យោធាកូរ៉េខាងត្បូង និងបានធ្លាក់ចំភូមិមួយកន្លែងនៅក្នុងទីក្រុង Pocheon ដែលស្ថិតនៅក្បែរព្រំដែនជាមួយកូរ៉េខាងជើង អំឡុងការធ្វើ សមយុទ្ធយោធាបាញ់គ្រាប់ពិត។ ទីតាំងជាច្រើនកន្លែងនៅក្នុងទីក្រុង Pocheon និងតំបន់ជុំវិញ ត្រូវបានប្រើប្រាស់ជាកន្លែងហ្វឹកហាត់របស់យោធាកូរ៉េខាងត្បូង និងអាមេរិក។ ក្រោយឧបទ្ទវហេតុកើតឡើង ពីឡុតទាំង២នាក់ ត្រូវបានព្យួរការងារបណ្ដោះអាសន្ន ហើយការពិនិត្យឡើងវិញលើអាជ្ញាបណ្ណបេសកកម្មហោះហើររបស់ពួកគេគ្រោងនឹងធ្វើឡើង៕