(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញគំនិតសុទិដ្ឋិនិយម ដោយបាននិយាយថាក្រុមមន្ត្រីអាមេរិកដែលបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ី កាលពីថ្ងៃពុធ ទី១២ ខែមីនា ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងមួយរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន លើសំណើបទឈប់បាញ់រយៈពេល៣០ថ្ងៃ អាចនឹងសម្រេចបាននូវបទឈប់បាញ់មួយសម្រាប់ សង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បានបញ្ជាក់ទៀតថាបច្ចុប្បន្ន វាគឺអាស្រ័យលើការសម្រេចចិត្តរបស់រុស្ស៉ី បន្ទាប់ពីអ៊ុយក្រែនបានយល់ព្រមទទួលយកបទឈប់បាញ់ អំឡុងកិច្ចប្រជុំជាង៨ម៉ោងរវាងក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែន ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីអង្គារ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯវិមានពងក្រពើ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «សង្ឃឹមថា យើងអាចទទួលបាន ការយល់ព្រមលើបទឈប់បាញ់ពីរុស្ស៉ី។ ខ្ញុំបានទទួលសារវិជ្ជមានមួយចំនួន»

គួរបញ្ជាក់ថា វិមានក្រឹមឡាំងកាលពីថ្ងៃពុធ បាននិយាយថាខ្លួនកំពុងរង់ចាំព័ត៌មានលម្អិតពីទីក្រុងវ៉ាស៊ីនតោន អំពីសំណើបទឈប់បាញ់នៅអ៊ុយក្រែន ខណៈមន្ត្រីជាន់ខ្ពស់រុស្ស៉ីម្នាក់ បានព្រលយថាកិច្ចព្រមព្រៀងមួយត្រូវតែគិតគូពីភាពរីកចម្រើន និងដោះស្រាយក្ដីកង្វល់របស់រុស្ស៉ី៕